(កំពង់ស្ពឺ)៖ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ក្រុមសម្ព័នយុវជន ស្រឡាញ់សន្តិភាព ខេត្តកំពង់ស្ពឺ បានបំផុសចលនាមហាជន ក្នុងការចុះសម្អាតតាមច្រាំងស្ទឹងព្រែកត្នោត ចាប់ពីខាងលិចសាលាខេត្តរហូតដល់ទំនប់តាអួន ដោយបោចកំផ្លោក កំផ្លង និងសំរាមផ្សេងៗទៀតចេញឱ្យអស់ ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាព ទាក់ទាញភ្ញៀវទេសចរណ៍ កាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអប់រំដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ព្រះសង្ឃឱ្យចេះស្រឡាញ់បរិស្ថានជុំវិញខ្លួន និងចូលរួមសម្អាតទាំងអស់គ្នាដើម្បីមុខមាត់ខេត្ត ព្រមទាំងប្រទេសជាតិផងដែរ។

សកម្មភាពស្តារសំរាម កាកសំណល់តាមដងស្ទឹងព្រែកត្នោត ដើម្បីបំផុសចលនាមហាជន ឱ្យស្រឡាញ់បរិស្ថាននេះបានធ្វើឡើង នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោក វីុសំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីក្រុមសម្ព័នយុវជន ស្រឡាញ់សន្តិភាព កងកម្លាំងយោធាភូមិភាគទី៣ តំបន់ប្រតិបត្តិការសឹងរង ខេត្តកំពង់់ស្ពឺ កងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋាន កងរថយន្តក្រោះ ACO និងមន្ត្រីរាជការយ៉ាងច្រើនផងដែរ។

លោក វីុ សំណាង បានថ្លែងថា «ដើម្បីឱ្យមុខមានខេត្តកំពង់ស្ពឺទាំងមូល ក៏ដូចជាការចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត ស្រមតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្នុងការសម្អាតបរិស្ថាន ក្នុងដងស្ទឹងព្រែកត្នោត ដែលកំពុងតែមានកំផ្លោក កំផ្លង និងសំរាមជាច្រើនទៀតនោះ ក្រុមសម្ព័នយុវជនស្រឡាញ់សន្តិភាព បានសហាការជាមួយអាជ្ញាធរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធក្នុងខេត្តបានរួមគ្នាចុះសម្អាត កាត់ចេញ ដើម្បីរុញកំផ្លោកទាំងចេញឱ្យអស់ក្នុងស្ទឹងចាប់ពីខាងលិចសាលាខេត្ត​ ដល់ទំបន់បង្ហៀរទឹកខាងក្រោមឬហៅថាទំបន់តាអួន»

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ សុខភាព និងបរិស្ថានបានគ្រប់ៗគ្នា ដើម្បីសង្គមជាតិទាំងមូល៕