(ហ្សឺណែវ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងហ្សឺណែវ បានថ្លែងឲ្យដឹងថា ការ​លើកឡើងរបស់លោក Donald Trump វាហាក់ដូចជារឿងមួយដែលហួសចិត្ត និងជារឿងមួយដែលមិនអាចទៅរួច នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា។

ការច្រានចោលរបស់កូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើងក្រោយពី បេក្ខជនប្រធានាធិបតីអាមេរិក ដ៏លេចធ្លោរបស់​គណបក្សសាធាណរដ្ឋលោក Donald Trump បានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាដោយផ្ទាល់ ជាមួយមេដឹកនាំកំពូល ផុត​លេខរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស់កន្លងមក។

លោក So Se-pyong ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN នៅទីក្រុងហ្សឺណែវ បានលើកឡើងថា «រឿងជួប ឬ​មិន​ជួបពិភាក្សា វាជាការសម្រេចចិត្តរបស់មេដឹកនាំកំពូលរបស់លោក ប៉ុន្តែគំនិតរបស់លោក Trump ដែលចង់ឲ្យកូរ៉េខាងជើង លុបចោលកម្មវិធីនុយក្លេអ៊ែរនោះ វាមិនសមហេតុសមផលនោះទេ ហើយក៏មិនអាចទៅរួចដែរ»។

គួរបញ្ជាក់ផងដែរថា លោក Trump ត្រូវបានគេដាក់នាមឲ្យថា ជាស្ដេចឃោសនា និងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយ​លើកបានលើកយកនូវរឿងដែលហួសចិត្ត និងមិនអាចទៅរួចជាច្រើន យកមកឃោសនាដើម្បីទាមទារការគាំទ្រ ដើម្បី​ជាប់ឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូចជារឿងប្រកាសធ្វើពហិការជាមួយក្រុមហ៊ុន Apple ជាដើម ទាំងដែរ​លោកមានហ៊ុនជាមួយនឹងយ៉ាងច្រើនសន្ធឹកនៅក្នុងក្រុមហ៊ុន Apple៕