(វៀតណាម)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានជួបទទួលទានអាហារពេលល្ងាច ជាមួយពិធីករទូរទស្សន៍ លោក Anthony Bourdain នៅរដ្ឋធានី Hanoi ប្រទេសវៀតណាម នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។

ការសន្ទរនារបស់ពួកគេ ត្រូវបានធ្វើឡើងជាមួយនឹងការទទួលទានអាហារ ឈ្មោះជាភាសាវៀតណាម «bun cha» (មីសាច់ជ្រូកខ្វៃ) ហើយការសន្ទនានេះ នឹងត្រូវចាក់ផ្សាយ ក្នុងកម្មវិធី Parts Unknown ជាកម្មវិធីដំណើរកម្សាន្ត និងភ្លក់រសជាតិអាហារ របស់លោក Bourdain នៃស្ថានីយ៍ទូរទស្សន៍ CNN។ លោក Bourdain បានបង្ហោះលើគណនីរបស់លោកថា អាហារមួយពេលមួយឈុត ដែលលោកទទួលទាន​ ជាមួយលោក Obama មានតម្លៃត្រឹមតែ ៦ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

«ជំនាញនៃការប្រើចង្កឹះរបស់លោកប្រធានាធិបតី គឺធ្វើបានល្អ» នេះបើតាមលោក Bourdain លើកឡើង។ លោកប្រធានាធិបតី Obama បានជួបជាមួយពិធីករទូរទស្សន៍ នៅចន្លោះកណ្តាលនៃដំណើរទស្សនៈកិច្ច ៣ថ្ងៃរបស់លោក នៅប្រទេសវៀតណាម ក្នុងគោលបំណងបង្កើនភាពជាដៃគូ សហរដ្ឋអាម៉េរិក ជាមួយវៀតណាម ខណៈឥទ្ធិពលរបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់អាស៊ី។

សូមជំរាបថា នៅព្រឹកថ្ងៃចន្ទនេះ លោក Obama បានប្រកាសការសម្រេចរបស់សហរដ្ឋអាម៉េរិក ក្នុងការដកទាំងស្រុង នៃការរារាំងរបស់ខ្លួន ចំពោះការលក់អាវុធ មកកាន់ប្រទេសវៀតណាម បន្ទាប់ពីបានដាក់ការរារាំងការជួញដូរ អស់រយៈពេលជាច្រើនទសវត្ស៍ លើប្រទេសជាអតីតសត្រូវរបស់ខ្លួន៕

(ខាងក្រោមជាវិដេអូបង្ហាញពីប្រធានាធិបតី សហរដ្ឋអាមេរិក ចាកចេញពីកន្លែង ហូបមី និងផឹកស្រាបៀរ ពីរនាក់ពិធីករទូរទស្សន៍ CNN នៅហាណូយ។ លោក អូបាម៉ា ដោះចិញ្ចៀនទុកពេលចាប់ដៃជនជាតិវៀតណាម)