(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ បានជំរុញអាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ នាំគ្នាសម្រុកជីក និងស្តារអណ្តូង ស្តារស្រះទឹក និងអាងស្តុកទឹកជាដើម ឲ្យបានរហ័ស ដើម្បីរក្សាទឹកទុកប្រើប្រាស់ ឲ្យបានទាំងខួបប្រាំង និងខួបវស្សា ខណៈដែលរដូវវស្សាចាប់ផ្តើមខិតចូលមកដល់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបន្តអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងកំពុងរងគ្រោះដោយខ្យល់កន្រ្តាក់ ដែលបានបណ្តាលធ្វើឲ្យខូចខាតផ្ទះសម្បែង និងសាលារៀនមួយចំនួនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមសម្រុកជីកនិងស្តារអណ្តូង ស្តារស្រះ ប្រឡាយ ត្រពាំង និង ស្តារអាងស្តុកទឹកឲ្យបានរហ័ស ដើម្បីរក្សាទឹកទុកប្រើប្រាស់បានទាំងខួបប្រាំងខួបវស្សា។ យើងពិបាកនៅពេលនេះមែន តែបងប្អូនយើងនឹងមានទឹកប្រើប្រាស់ លែងខ្វះខាតនៅពេលក្រោយ។ សូមប្រញាប់រួសរាន់ជំរុញការងារនេះ ឲ្យបានសម្រេចគ្រប់ទីកន្លែង»។

លើសពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងអង្គការសមាគមជាតិ និងអន្តរជាតិ ក្រុមអ្នកស្ម័គ្រចិត្ត យុវជនយុវតី និងសមាជិក​ សមាជិការ គណបក្សប្រជាជនទាំងអស់ ដែលបានចំណាយថវិកា និងកម្លាំងកាយចិត្ត ចុះជួយផ្តល់ទឹក និងជំនួយផ្សេងៗដល់បងប្អូនរងគ្រោះទូទាំងប្រទេសផងដែរ៕