(សៀមរាប)៖ ក្រុមចោរប្រដាប់អាវុធ៣នាក់ កាន់កាំភ្លើង២ដើម បានចូលទៅបាញ់ប្លន់នៅផ្ទះអ្នករកសីុលក់ត្រី មួយកន្លែងស្ថិតនៅក្បែរអធិការដ្ឋាននគរបាល​ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ដោយយកអស់គ្រឿងអលង្ការ និងលុយមួយចំនួនផងដែរ។

លោក ដួង សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ថា ក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់នៅផ្ទះប្រជាពលរដ្ឋរកសីុលក់ត្រីនៅឯផ្សារ នៅវេលាម៉ោងជិត៨យប់នេះ ស្ថិតនៅខាងកើតអធិការស្រុកក្រឡាញ់ ចម្ងាយប្រមាណ១គីឡូម៉ែត្រ។ លោកបានបញ្ជាក់ទៀតថា ក្រុមចោរបានបាញ់មួយគ្រាប់ ដើម្បីគំរាម មុនពេលប្រមូលយកគ្រឿងអលង្ការ មានខ្សែក ខ្សែដៃ និងលុយមួយចំនួន តែមិនដឹងចំនួនប៉ុន្មាន មុនពេលរត់គេចខ្លួនទៅខាងទិសដៅខាងក្រោមបាត់។

សម្រាប់ករណីនេះ​​ ត្រូវបាននាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រូបនេះ ប្រាប់ថា គ្មានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ជាច្រើននាក់បានចុះទៅជួយអន្តរាគមន៍ ភ្លាមៗផងដែរ៕