(សៀមរាប)៖ ប្រជាពលរដ្ឋ និងអ្នកបរិស្ថាន នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បានរិះគន់ថា រ​មនីយដ្ឋាននេះ នាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាសំរាមកកកុញ និងការកាប់បំផ្លាញព្រៃឈើ។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ត្រូវបានអ្នកបុរាណវិទ្យា និងអ្នកស្រាវជ្រាវរកឃើញថា គឺជាទីក្រុងបុរាណ និងមានវ័យចំណាស់មួយ របស់ដូនតាខ្មែរ នាមុននិងក្នុងសម័យអង្គរ ហើយដែល​បច្ចុប្បន្នបានក្លាយជាតំបន់ឧទ្យានជាតិ និងជាតំបន់ រមណីដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ដែលតម្រូវឲ្យមាន ការគាំពារ និងអភិរក្សប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងនិរន្តរភាព ។

សម្រាប់អ្នកបរិស្ថាននិយមម្នាក់ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងកិច្ចការនេះផ្ទាល់ នៅលើដងភ្នំគូលែន ក្នុងរូបភាពមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ថា៖ ដោយគ្រាន់តែកំណើនប្រជាពលរដ្ឋ ឬ ការកើនឡើងខ្លាំង នៃអ្នកចំណូលថ្មី ការដកហូតប្រើប្រាស់ រុករានទន្ទ្រានដីធ្លីជាកម្មសិទ្ធិឯកជន ក៏ដូចជាសម្រាប់លក់ដូរបន្ត ការបំផ្លាញព្រៃឈើធនធានធម្មជាតិ ការទាញយកប្រយោជន៍ពីផលអនុផលព្រៃឈើហួសប្រមាណ ការបរបាញ់បំផ្លាញសត្វព្រៃ ការបំពុលបរិស្ថាន ការធ្វើអាជីវកម្មលើវិស័យទេសចរណ៍ និងការសាងសង់សំណង់ថ្មីៗ ក៏ដូចជាសមត្ថភាពក្នុង ការគ្រប់គ្រង ចាត់ចែង មិនទាន់ប្រកបដោយនិរន្តរភាព ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ទាំងតំបន់ស្នូល តំបន់ការពារ/អភិរក្ស តំបន់ដែលត្រូវស្ដារ តំបន់រណប រួមនិងតំបន់ក្បែខាង ផងនោះ ធ្វើឲ្យអ្នកបរិស្ថាន និងវប្បធម៌ប្រវត្តិសាស្រ្តនិយមមួយចំនួន មានការព្រួយបារម្ភ និងសំុឲ្យគ្រប់ភាគីពាក់ព័ន្ធ មានការចូលរួមក្នុងការគាំពារ រក្សាការពារ អភិរក្សទាំងអស់គ្នា ។

គាត់បានបន្តទៀតថា  កន្លងទៅ និង បច្ចុប្បន្នមានសកម្មភាពមួយចំនួន មិនត្រឹមតែបានបង្កផលប៉ះពាល់ដល់ព្រៃឈើ និងកើតមានការទន្ទ្រានកាន់កាប់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតក្តីកង្វល់​លើបញ្ហាអនាម័យ និងសុខភាព​សាធារណៈ ផងដែរ ។ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋបានបង្កើតសំរាម ប្រហែលជិតមួយគីឡូ ក្នុងមួយគ្រួសារៗ ។ សំរាមទាំងនោះ កើតចេញពីសំណល់  នៃចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសសម្ភារៈវិចខ្ចប់ មានដូចជា ថង់ផ្លាស្ទិក សំបកដប និងកំប៉ុង លោហធាតុផ្សេងៗជាដើម ។

ក្រៅពីសំរាមជាវត្ថុរឹង ក៏មានកាកសំណល់ជាវត្ថុរាវ ដែលបានកើតមានជារៀងរាល់ថ្ងៃ ផងដែរ ។  ហើយសំរាមទាំងពីរប្រភេទខាងលើនេះ មិនត្រឹមតែបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍​ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងបង្កើតក្តីបារម្មណ៍ដល់ប្រជាពលរដ្ឋរស់នៅប៉ែកខាងក្រោម ក្បែរប្រព័ន្ធផ្លូវទឹកធម្មជាតិដ៏ពិសិដ្ឋ ដែលមានប្រភពពីភ្នំគូលែន ដូចជាស្ទឹងសៀមរាប ស្ទឹងពួក និងស្ទឹងរលួស ជាដើមនោះ ។  ហើយចំណុចគោលដៅចំបង នៃភ្នាក់ងារបង្កើតសំរាម គឺប្រភពទឹក និងតំបន់ទឹកជ្រោះ ។

ដោយឡែកប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា បច្ចុប្បន្ន តំបន់ទឹកជ្រោះនៅភ្នំគូលែន បានប្រមូលផ្តុំទៅដោយសំណង់ច្រើនប្រភេទ មានដូចជា៖ រោងអង្គុយកំសាន្ត ភោជនីយដ្ឋាន តូបលក់នំចំណី និង តូបលក់វត្ថុអនុស្សាវរីយ៍ ព្រមទាំងមានផ្ទះស្នាក់នៅជាអចិន្ត្រៃយ៍ ផងដែរ សរុបមានចំនួន ១១១កន្លៃង ។ សំណង់ទាំងឡាយនោះបាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ សុខភាព ទេសចរណ៍ និងមត៌កវប្បធម៌ប្រវត្តិសាស្ត្រ ដែល​មានអាយុកាលជាងមួយពាល់ឆ្នាំមកហើយនេះយ៉ាងក្រៃលែង ផងដែរ ។ ដែលសកម្មភាព និងផលប៉ះទាំងនេះ គឺតម្រូវឲ្យមានការការគិតគូរ ចាត់ចែង គ្រប់គ្រងឡើងវិញជាបន្ទាន់ ប្របកដោយការចូលរួម ការទទួលខុសត្រូវខ្ពស់ ជាមួយនឹងប្រសិទ្ធិភាព និងនិរន្តរភាព ផងដែរ ៕