(ភ្នំពេញ)៖ ស្រ្តីជាម្តាយម្នាក់បានយំសោកសង្រេងស្តាយស្រណោះកូនរបស់ខ្លួនជាពន់ពេក បន្ទាប់ពីកូនរបស់ខ្លួនដែលទើបកើតឃើញ ពន្លឺថ្ងៃបាន៣ថ្ងៃ ត្រូវបានគិលានុបដ្ឋាយិកា «សម្ពពសោភាហ្គោល» ខ្វះការប្រុងប្រយ័ត្នបំបៅទឹកដោះគោឲ្យឈ្លក់ស្លាប់។ សាច់ញាតិជនរងគ្រោះ សូមឲ្យក្រ សួងសុខាភិបាលពិនិត្យទៅលើការផ្តល់សេវា និង ការថែទាំទារករបស់គិលានុបដ្ឋាយិកានៅក្នុងសម្ភពមួយនេះ ចៀសវាងការបង្កភាពសោក សៅដល់អាណាព្យាបាលដទៃទៀត។

ឪពុកទារករងគ្រោះ លោក ពៅ ពុត អាយុ ៣២ឆ្នាំ បានប្រាប់ឲ្យដឹងទាំងអារម្មណ៍ក្តុកក្តួលនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ភរិយារបស់គាត់មានទម្ងន់គ្រប់ខែត្រូវឆ្លងទន្លេ ហើយគាត់ក៏បានដឹកទៅឆ្លងទន្លេនៅសម្ភពសោភា ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧មករា។

បុរសជាឪពុក ដែលមានមុខរបរលក់ថ្នាំពណ៌ នៅផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានរៀបរាប់ទាំងខ្សឹកខ្សួលថា កូនរបស់ លោកបានកើតមកជាមួយសុខភាពល្អធម្មតា។ ក្រោយកើតបាន ៣ថ្ងៃ ស្រាប់តែគិលានុបដ្ឋាយិកាម្នាក់ បានបំបៅទឹកដោះគោ បណ្តាលឲ្យឈ្លក់ខ្លាំង ហើយមិនព្រមបញ្ឈប់ទៀត បណ្តាលឱ្យទារកខ្សោយសុខភាពទន់ទៅៗ រួចក៏ដឹកទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះ។ បន្ទាប់ពីសង្រ្គោះបានបន្តិចទារក ក៏បានអស់ខ្យល់ស្លាប់តែម្តង។

អ្នកស្រី សរ ចាន់វាសនា អាយុ ៣១ឆ្នាំ បានទ្រហោយំយ៉ាងខ្លាំង និងបានស្តីបន្ទោសខ្លួនឯងថា ជាអ្នកបណ្តែតបណ្តោយឲ្យគិលានុបដ្ឋាយិកា បំបៅទឹកដោះគោកូន ទើបនាំឲ្យកូនរបស់អ្នកស្រីស្លាប់បែបនេះ។ អ្នកស្រី បានយំត្អូញត្អែយ៉ាងដូច្នេះ «កូនខ្ញុំបានស្លាប់ហើយ នេះគឺមកពីការ ធ្វេសប្រហែសរបស់ខ្ញុំ ខ្ញុំជាម្ដាយភ្លើរបំផុត ខ្ញុំមិនចេះមើលកូន ខ្ញុំឲ្យពួកមីពេទ្យឆ្កូតបំបៅទឹកដោះគោកូន ដល់ឈ្លក់ស្លាប់ ហើយនេះជាមេរៀន ជីវិតដ៏ឈឺចាប់របស់ខ្ញុំ សូមបងប្អូនកុំទុកចិត្តអ្នកណាក្រៅពីខ្លូនឯងឱ្យសោះ»។

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតបានអះអាង ការស្លាប់របស់ទារក គឺបណ្តាលមកពីឈ្លក់ទឹកដោះគោជ្រាបដល់សួត បុកទៅដល់បេះដូង បណ្តាលឱ្យឈាមដើរបញ្ជ្រាស ហើយក៏ស្លាប់តែម្តង។

លោក ពៅ ពុត បានឲ្យដឹងថា ការសម្រាលនៅសម្ភពសោភាហ្គោល លោកត្រូវចំណាយថ្លៃសម្រាល និងស្នាក់នៅ ៥យប់ ៥ថ្ងៃចំនួន ៨០០ដុល្លារ។ លោក ពៅ ពុត បានបញ្ជាក់ទៀតថា ការធ្វេសប្រហែសរបស់គិលានុបដ្ឋាយិកានៅក្នុងសម្ភពជាកំហុសឆ្គងមួយដ៏ធ្ងន់ណាស់ទៅហើយ ដែល សម្ភពគួរតែព្យាយាមជួយសង្រ្គោះដល់កូនរបស់លោក តែសម្ភពបែរជាទារលុយ ១០០ដុល្លារ សម្រាប់ការដឹកទារកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតថែមទៀត។  លោក ពៅ ពុត បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះកាយវិការរបស់ «សម្ភពសោភាហ្គោល»។

អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីខាងសម្ភពបាននៅឡើយទេ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ដោយម្ចាស់សម្ភពឆ្លើយថា កំពុងជាប់រវល់។

សាធារណជន ដែលបានទទួលព័ត៌មាននេះ បាននាំគ្នាសម្តែងការខឹងសម្បាខ្លាំង ចំពោះភាពធ្វេសប្រហែសរបស់គិលានុបដ្ឋាយិកានៅក្នុង «សម្ភពសោភា» ហើយពួកគេស្នើឱ្យក្រសួងសុខាភិបាល មានវិធានការចំពោះសម្ភពខាងលើចៀសវាង បង្កភាពសោកសង្រេងបែបនេះបន្តទៅទៀត៕