(ភ្នំពេញ)៖ ដើម្បីលើកស្ទួយផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបើក «យុទ្ធនាការទិញផលិតផលខ្មែរ» នៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

យុទ្ធនាការនេះ នឹងរៀបចំឡើងនៅតាមបណ្តាលខេត្តសំខាន់ៗមួយចំនួន និងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា និងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលរបស់ខ្មែរ និងសកម្មភាពមួយចំនួនទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីថ្មីនៃក្រសួងពាណិជ្ជកម្មបានថ្លែងថា ការរៀបចំកម្មវិធីនេះឡើងមិនត្រឹមតែ ផ្សព្វផ្សាយឲ្យមហាជនទូទៅ បានដឹង និងស្គាល់ផលិតផលខ្មែរនោះទេ តែវាថែមទាំងជួយឲ្យរោងចក្រ សហគ្រាស សិប្បកម្មនានាមានលទ្ធភាពពង្រីកសមត្ថភាព របស់ខ្លួន ឲ្យរីកចំរើនទៅមុខ និងមានលទ្ធភាពពេញលេញ អាចចូលរួមប្រកួតប្រជែងក្នុងទីផ្សាតំបន់ និងទីផ្សារពិភពលោកទៀតផង។

លោកបានបញ្ជក់ទៀតថា «ដើម្បីឲ្យមានលិតផលខ្មែរប្រើប្រាស់បានច្រើននោះ យើងគួរតែជំរុញខាងផ្នែកសេវាសណ្ឋាគារ ផ្សារទំនើប ភោជនីយដ្ឋាន ដើម្បីពួកគេអាចប្រើប្រាស់ ហើយពួកគេយល់អំពីផលិតផលខ្មែរ ។...ប្រសិនបើអតិថិជន បានប្រើប្រាស់ផលិតផល របស់ខ្មែរហើយ យល់ថាមានគុណភាពល្អ និងតំលៃសមរម្យនោះ ផលិតផលរបស់ខ្មែរយើង នឹងដំណើរការទៅមុខយ៉ាងរលូន»

កញ្ញា សុខ លី អនុប្រធានផ្នែកនាំចេញ នៃក្រុមហ៊ុនចំណីអាហារគីរីរម្យ បានលើកឡើងផងដែរថា «ប្រសិនបើគ្មានការជំរុញ ឬជួយពីរាជរដ្ឋាភិបាលនោះទេ ផលិតផលខ្មែរនឹងមិនមានសន្ទុះខ្លាំងឡើយ ព្រោះថាផលិតផលខ្មែរយើង តាំងពីដើមមិនត្រូវបាន ទទួលស្គាល់ច្រើនទេ ពីសំណាក់ប្រជាជនកម្ពុជា ដោយសារពួកគាត់មានទំលាប់មួយ គឺចូលចិត្តទិញផលិតផលនាំចូល ដោយសារពួកគាត់គិតថា ផលិតផលក្នុងស្រុកអត់មានគុណភាព និងមានតម្លៃថ្លៃ»

សូមជំរាបថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរ ទ្រងទ្រាយមធ្យមនៅខេត្តចំនួនបីនិងទ្រង់ទ្រាយធំនៅ រាជធានីភ្នំពេញ៖ ដោយចាប់ផ្តើមពីខេត្តសៀមរាប នៅថ្ងៃទី២៦-២៩ ខែឧសភា ឆ្នាំ២០១៦, ខេត្តកំពង់ចាម នៅថ្ងៃទី២៣-២៦ ខែមិថុនា ឆ្នាំ២០១៦, ខេត្តព្រះសីហនុ នៅថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០១៦ និងរាជធានីភ្នំពេញ នៅថ្ងៃទី០៣-០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងយុទ្ធនាការនោះ ក៏មានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ផងដែរ រួមមាន ការតាំងបង្ហាញផលិតផលខ្មែរ៖ ដែលមានស្ថង់ដាពិព័រណ៍ចំនួន១០០, ការប្រគុំតន្រ្ដី និងការរៀបចំសិក្ខាសាផងដែរ៕