(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។

ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តស្លែង ស្ថិតនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

នាកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ស្តែងតាមរយៈសកម្មភាពនេះ ហើយជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តដឹកនាំដំណើរអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយចីរភាព ដូចដែលបានឃើញរួចមកហើយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ។

លោកបណ្ឌិតបានបន្តថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជនជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែងនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការរីកឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមបុរាណ​ដ៏មានវ័យចំណាស់ប្រមាណជាង ៣០០ឆ្នាំមួយនេះ ដែលបានបង្កលក្ខណៈដល់ការធ្វើបុណ្យ បំពេញទាន និងរក្សាសីល តាមតម្រូវការជាក់ស្តែងបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាន។ សមិទ្ធផលទាំងនេះ គឺបានកើតឡើងពីកម្លាំងមហាសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ រួមជាមួយនឹងថ្នាក់ដឹកនាំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅលើមូលដ្ឋាននៃវប្បធម៌ចែករំលែករបស់ខ្មែរយើងតាំងពីដើមរៀងមក ដែលតែងចូលរួមជាមួយគ្នាក្នុងការកសាងសមិទ្ធផលជាផលប្រយោជន៍រួមជូនដល់ប្រជាជន និងប្រទេសជាតិ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកកើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចពេលនេះ គឺពិតជាបានចូលរូមចំណែកយ៉ាងសកម្មក្នុងការបម្រើផលប្រយោជន៍រួមក្នុងវិស័យព្រះពុទ្ធសាសនាទំាងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសដើម្បីទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សគ្រប់កាលវេលាតាមពុទ្ធប្បញ្ញត្តិ។

លោកបណ្ឌិតថា ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តា០២សំខាន់ៗ៖ កត្តាទី១៖ អំណោយផលនៃបរិយាកាសសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការធានាបាននូវកម្ពុជាមួយ «គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ គ្មានជម្លោះទាក់ទងនឹងជាតិសាសន៍ និងសាសនា» និងកត្តាទី២៖ ការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ពង្រឹង និងពង្រីកវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនលូតលាស់បន្តទៅមុខ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានខិតខំលុបបំបាត់នូវភាពអវិជ្ជមានដែលបន្សល់ពីអតីតកាលដ៏ខ្មៅងងឹតសូន្យសុងក្នុងរបបខ្មែរក្រហម តាមរយៈការផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាងដល់ប្រជាពលរដ្ឋ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាអាទិ៍ វត្តអារាម សាលារៀន មន្ទីរពេទ្យ ជាដើម។ល។ ដែលជាមូលដ្ឋានរូបវ័ន្តបម្រើឱ្យការអនុវត្តជាក់ស្តែងនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

ក្រៅពីសមិទ្ធផលនានាក្រោយបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុង, លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានរំលេចឡើងថា ក្នុងដំណាក់កាលវិបត្តិគ្រោះភ័យនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដឹកនាំបញ្ជា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់សែននាក់ដោយផ្ទាល់ និងរាប់លាននាក់ដោយប្រយោលឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺដ៏កាចសាហាវនេះ។ រាជរដ្ឋាភិបាល ក៏នៅតែបន្តយកចិត្តទុកដាក់បំផុតទៅលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារហានិភ័យពីការឆ្លងជំងឺនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងដោយមិនគិតថ្លៃ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងប្រទេស ឱ្យនៅបន្តការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ព្រមជាមួយនឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតទ្បើងវិញក្នុងសហគមន៍សារជាថ្មីម្តងទៀត៕