(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃចន្ទនេះ បានចែករំលែកនូវទេពកោសល្យ របស់បេក្ខនារី The Voice Cambodia រ៉េត ស៊ូហ្សាណា ដែលបានច្រៀងនៅ វគ្គ Live Show កាលពីយប់មិញ។

លោកថា យុវតីខ្មែររូបនេះគឺជាធនធាន ដែលលោកគោរពនូវការយល់ឃើញរបស់នាង ហើយចាត់ទុកថា នេះជាការបង្កើនភាពរីករាយដល់សង្គម ដែលមានសន្តិភាព មិនដូចក្រុមមួយចំនួន ដែលធ្វើសកម្មភាពដែលសង្គមមិនត្រូវការ។

លោក ផៃ ស៊ីផាន បានលើកឡើង នៅលើ Facebook របស់លោកថា «ធនធានមនុស្សដែល តារា កញ្ញា បានលើកឡើងនៅ The Voice Cambodia ធ្វើឱ្យខ្ញុំគោរព នូវការយល់ឃើញរបស់នាង។ កូនខ្មែរបាននាំមកជូនសង្គមជាតិ គ្រប់វិស័យ នូវមោទនភាពជាតិ ក្នុងសម័យកាលនេះ។ សន្តិភាព និងការរីកចំរើន ជាកត្តា និងមូលដ្ធាននៃអ្វីៗទាំងអស់។ វិស័យឯកជន បានចូលរួមនឹងបានបង្កើតនូវភាពរីករាយ។ សម្តេចតេជោ បានរំលឹក និងអំពាវនាវ សូមចូលរួមកាពារសន្តិភាពនេះ។ យើងអត់ត្រូវការពួកចលនាអាវខ្មៅនោះទេ»

យុវតី រ៉េត ស៊ូស្សាណា អាយុត្រឹម១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលាសិង្ហបុរី ដែលបានឆ្លងផុត ជាច្រើនវគ្គ នៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២។ នាងមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងចម្រៀងបរទេស។ បទចម្រៀងរបស់នាង ដែលធ្វើឱ្យទស្សនាមើលស្ទើបាត់ស្មារតី នៅយប់មិញនេះមានចំណងជើងថា «My heart will go on» ជាបទចម្រៀងដ៏ល្បីនៅលើពិភពលោក ដែលស្គាល់តាមរយៈរឿង Titanic៕