(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសំរាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវគោល នយោបាយសេដ្ឋកិច្ច ដ៏ល្បី​ក្នុងតំបន់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានសហការរៀបចំសិក្ខាសាលា ចែករំលែកលទ្ធផលការសិក្សាស្រាវសេដ្ឋកិច្ច ស្តីពីសក្តានុពលកំណើនវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា និងអាស៊ាន ក្រោយចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ និងវិស័យ​ឯកជន ព្រមទាំងអ្នកស្រាវជ្រាវ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ ស្ថិតនៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែក លទ្ធផលបឋម​នៃការសិក្សាស្រាវជ្រាវលើប្រធានបទស្រាវជ្រាវចំនួន៣ ក្រោមកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្សាស្ថានស្រាវជ្រាវ ERIA ដែលរួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើន​សេដ្ឋកិច្ចនៅថ្នាក់ខេត្ត ទី២-សេណារីយ៉ូកំណើនសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន និងទី៣-ទំនាក់ទំនងរវាងធាតុចេញ និងធាតុចូលនៅក្នុងរចនាសម្ព័នសេដ្ឋកិច្ចរបស់កម្ពុជា។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ លើប្រធានបទបទទាំងបីនេះ នឹងត្រូវបានប្រើប្រាស់ជាជម្រើស ក្នុងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ លោក វង្សី វិស្សុត មានថ្លែងថា «កម្ពុជាមានការផ្លាស់ប្តូរ ហើយសម្រេចបាននូវលមិទ្ធផលយ៉ាងច្រើននៅក្នុងរយៈពេលជិត២០ឆ្នាំ ចុងក្រោយនេះ។ ការសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងល្បឿនមួយដ៏លឿនប្រមាណជាង៤%ក្នុងមួយឆ្នាំមកនេះ បានជួយផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជា ពីប្រទេសក្រីក្រមានចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ ទៅថ្ងៃមុខ សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តមានស្ថានភាពល្អប្រសើរ ហើយនៅតែអាចរក្សាបាននូវចីរភាពនៃកំណើន សម្រាប់រយៈពេលមធ្យមទៅមុខ ទោះបីសេដ្ឋកិច្ចពិភពលោក នៅបន្តមានភាពមិនប្រាដកប្រជា និងមានការថមថយកំណើនក្តី ពិសេសសេដ្ឋកិច្ចរបស់ចិន។ ប្រការនេះបានធ្វើឱ្យធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ចាត់ទុកកម្ពុជាជាសេដ្ឋកិច្ចកូនខ្លាថ្មីមួយនៅអាស៊ី កាលពីពេលថ្មីៗនេះ»

លោក វង្សី វិស្សុត បានបញ្ជាក់ទៀតថា កម្ពុជាបានធ្វើសមាហកម្មខ្លួន យ៉ាងពេញលេញទៅក្នុង តំបន់ និងពិភពលោក ពិសេសបានចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ រាជរដ្ឋាភិបាល​កម្ពុជាក៏បានខិតខំយ៉ាងខ្លាំងក្លា តាមការដាក់ចេញនូវវិធានការគោលនយោបាយនានា ដើម្បីទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីចូលរួមនេះ សម្រាប់ប្រទេស, សម្រាប់សេដ្ឋកិច្ច និងសម្រាប់​ប្រជាជនរបស់ខ្លួន ពិសេសយុវជន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្សាភ្ជាប់ឧស្សាហកម្មកម្ពុជា នៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់និងពិភពលោក។ យើងក៏បានខិតខំយ៉ាងខ្លាំងក្នុងទាក់ទាញ់ការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារ ព្រមទាំងការអភិវឌ្ឍ​ហេដ្ឋរចនា​សម្ព័ន្ធ និងការតភ្ជាប់ ពិសេសការអភិវឌ្ឍជំនាញបច្ចេកទេស និងការបន្ថយថ្លៃអគ្គិសនី។ លោកក៏បានលើកឡើងផងដែរថា គំនិតផ្តួចផ្តើមក្នុងតំបន់មួយចំនួន ដូចជា វិថីសូត្រ (Silk Road) និងខ្សែក្រ​វ៉ាត់​មួយ វិថីមួយ (One Belt One Road) របស់ចិនជាដើមនឹងជួយបំពេញឱ្យគ្នាទៅវិញ នៅក្នុងដំណើការ សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងធ្វើការ​សិក្សាអំពីបច្ច័យរបស់ភាពជាដៃគូអន្តរប៉ាស៊ីភិច (PTT) មកលើសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ៕