(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ឱ្យអភិបាលរងខណ្ឌ នាយក និងនាយករងរដ្ឋបាលខណ្ឌ អញ្ជើញប្រកាសសុពលភាពចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មី ដែលទើបជាប់ឆ្នោត ក្នុងអាណត្តិទី៥ ស្ថិតនៅតាមបណ្ដាសាលាសង្កាត់ ចំនួន៧ផ្សេងៗគ្នា ក្នុងចំណោមសង្កាត់ ចំនួន១០។

លោក ជា ពិសី បានចាត់ចែងយ៉ាងដូច្នេះ បន្ទាប់ពីលោកជាប់រវល់ក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មី ដែលទើបជាប់ឆ្នោត ក្នុងអាណត្តិទី៥ ស្ថិតនៅសាលាសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

បើតាមលោក ជា ពិសី សម្រាប់សង្កាត់ទឹកល្អក់ទី១ គឺបានចាត់ឱ្យលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មី ដែលទើបជាប់ឆ្នោត ក្នុងអាណត្តិទី៥ ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី១។ លោក ឌី លាក់ នាយករងរដ្ឋបាលខណ្ឌ អញ្ជើញជាអធិបតីភាព នៅសាលាសង្កាត់ទឹកល្អក់ទី២ និងសង្កាត់ផ្សារដេប៉ូទី៣។ លោក ទៀវ សំអឿន
អភិបាលរងខណ្ឌ អញ្ជើញជាអធិបតីភាព នៅសាលាសង្កាត់ទឹកល្អក់ទី៣។ លោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌ នៅសាលាសង្កាត់ផ្សារដេប៉ូទី១។ លោក កែវ សុភា អភិបាលរងខណ្ឌ អញ្ជើញជាអធិបតីភាព នៅសាលាសង្កាត់បឹងកក់ទី១។ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ អញ្ជើញជាអធិបតីភាព នៅសាលាសង្កាត់បឹងកក់ទី២។ ដោយឡែក សម្រាប់សង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដើមគ (២សង្កាត់ទៀត ក្នុងចំណោមសង្កាត់ទាំង១០) នឹងប្រារព្ធពិធីប្រកាសសុពលភាពចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មី ដែលទើបជាប់ឆ្នោត ក្នុងអាណត្តិទី៥ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ៕