(ភ្នំពេញ)៖ ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី១ អាណត្តិទី៥ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានណែនាំដល់ប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិក សមាជិកាទាំងអស់ដែលទើបតែជាប់ឆ្នោត អាណត្តិទី៥ ត្រូវយកចិត្តទុកដាក់បំពេញតម្រូវការសេវាសាធារណៈជូនប្រជាពលរដ្ឋដែលគាត់មកស្នើសុំ ដូចជា ធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេវាផ្សេងទៀត ឱ្យទាន់ពេលវេលាន និងមានតម្លាភាព។

លោកអភិបាលរងខណ្ឌមានជ័យ បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរមូលដ្ឋានត្រូវពង្រឹងលើកការងារសន្តិសុខក្នុងមូលដ្ឋាន ភូមិ ឃុំ មានសុវត្ថភាព ត្រូវចុះល្បាត ពូនស្ទាក់ ឬច្បាមយកនូវបទល្មើស ដូចជា៖ ចោរគាស់ផ្ទះ លួច ឆក់ និងត្រូវសហការជាមួយប៉ុស្តិ៍មូលដ្ឋានលប់បំបាត់ក្មេងទំនើង និងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានសង្កាត់។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ជំរុញដល់អាជ្ញាធរត្រូវចុះដល់ខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដែលជួបនូវជីវភាពខ្វះខាត គឺត្រូវផ្តល់នូវអំណោយមនុស្សធម៌ ដល់គាត់ ជាពិសេសយើងនឹងអាចយល់ពីការកង្វល់ ឬទុកលំបាករបស់គាត់ផងដែរ, ត្រូវសាមគ្គីភាពផ្ទៃក្នុង ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ មិនត្រូវរើសអើងបក្សខាងណានោះទេ ត្រូវខិតខំផ្តល់សេវាក្នុងយន្តការតែមួយដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ត្រូវរៀបចំរចនាសម្ព័ន្ធការងារ ឬបែងចែកភារកិច្ចការងារដល់សមាជិក សមាជិកា នៃក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥នេះ ត្រូវអនុវត្តការងារតាមថ្នាក់លើដាក់ជូន និងត្រូវអនុវត្តនូវគោលការណ៍រាយការណ៍ ជូនមកថ្នាក់លើដែលមានបញ្ហាកើតឡើង និងមិនអាចដោះស្រាយបាន។

ក្នុងនោះដែរ លោក សួស សារិន ដែលបានជាប់ជាប្រធានក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី១ នៃអាណត្តិទី៥ បានប្តេជ្ញាចិត្តខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់ថ្នាក់ដឹកនាំ, ពង្រឹងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា មន្ត្រីសង្កាត់ មន្ត្រីភូមិ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

បន្ថែមនេះ ប្រធានក្រុមប្រឹក្សាសង្កាត់ ដែលទើបជាប់ឆ្នោត បានសន្យាជំរុញការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសុខដុមនីកម្ម ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ខិតខំប្រើប្រាស់ថវិកាវិភាជរបស់រាជដ្ឋាភិបាល និងគៀងគរថវិកាបន្ថែមពីសប្បុរសជននានា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកនឹងជំរុញការផ្តល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខាមាលភាពរបស់ប្រជាពលរដ្ឋ, ខិតខំពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ការដោះស្រាយគ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋាន។

ក្រោយបញ្ចប់ពិធីប្រកាសការប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិថ្មីរួចមក លោក ឌី រ័ត្នខេមរុណ រួមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីសង្កាត់ជួបជុំគ្នាបន្ត ហូបនំបញ្ចុក ជាមួយក្រុមការងារក្រោមបរិយាកាសស្និតស្នាល និងរីករាយយ៉ាងក្រៃលែងក្រោមដំបូលសន្តិភាព៕