(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ សម្រាប់បណ្ដាឆ្នាំខាងមុខ និងឆ្ពោះទៅការសម្រេច បានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នាឆ្នាំ២០៣០ ក្រសួងសុខាភិបាល បានដាក់ចេញនូវផែនការរុករកជំងឺរបេងលើកុមារបន្ថែមទៀត ដោយកន្លងមករកតែលើមនុស្សចាស់ ដោយ

រកឱ្យឃើញកាន់តែលឿន ដាក់ឱ្យព្យាបាលកាន់តែរហ័ស និងប្រកបដោយប្រសិទ្ធភាព។

លោកសាស្ដ្រាចារ្យថ្លែងបន្ដថា «គោលដៅយើងចង់ស្វែងរកឱ្យបានអស់នូវអ្នកកើតជំងឺរបេងទូទាំងប្រទេសកាន់តែឆាប់រហ័ស យកមកព្យាបាលឱ្យឆាប់ជា ទើបប្រសិទ្ធមានខ្ពស់សម្រាប់គោលដៅយើង។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រាល់ការព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋ គឺមិនគិតប្រាក់ទេ»

លោកបន្ថែមថា «ជំងឺរបេង មិនមែនជាជំងឺតំណពូជ ប៉ុន្ដែវាឆ្លងតាមរយៈការរស់នៅជាមួយគ្នា ដូចនេះបើរកឃើញលើកូនក្មេង នោះយើងនឹងស្វែងរកទៅលើឪពុកម្ដាយ ឬយាយតា ដែលរស់នៅជាមួយគ្នា។ ការស្រាវជ្រាវរកបន្ដនេះ យើងនឹងអាចរុករកលឿន យកមកព្យាបាលឱ្យឆាប់ជា ដើម្បីកាត់បន្ថយអត្រាឆ្លង និងស្លាប់ ឱ្យលែងជាបញ្ហាសុខភាពសាធារណៈ នៅឆ្នាំ២០៣០»។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏អំពាវនាវដល់សេវាឯកជន ត្រូវសហការផងដែរ បើមានអ្នកជំងឺទៅរកសេវាព្យាបាល ហើយពិនិត្យទៅឃើញមានជំងឺរបេង សូមបញ្ជូនពួកគាត់មកពេទ្យរដ្ឋ ព្រោះជំងឺនេះ គឺព្យាបាលក្នុងរយៈពេលវែង ៤ទៅ៦ខែ ដែលធ្វើឱ្យអ្នកជំងឺ ចំណាយថវិកាអស់ច្រើន។

លើសពីនោះលោករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ណាដែលមានសភាព ស្គម ឡើងកំដៅនៅពេលយប់ ក្អកញឹមញាប់ច្រើនជាង២០ដងក្នុងមួយថ្ងៃ ហើយសម្រាប់កុមារក៏ដូចគ្នា ពិសេសកង្វះអាហារូបត្ថម្ភ សូមអញ្ជើញមកកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅក្បែរលោកអ្នក។

ការថ្លែងបែបនេះរបស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបលទ្ធផលគម្រោងសិក្សា TB-Speed ថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT)និងវិទ្យាស្ថានប៉ាស័្ទរកម្ពុជា ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូតបារាំង លោក Jacques PELLET, លោកសាស្ដ្រាចារ្យ Andre Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, លោកវេជ្ជបណ្ឌិត ហូត ចាន់ យុដា នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងអ្នកចូលរួមជាច្រើនរូបទៀត ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា គម្រោងសិក្សាស្រាវជ្រាវ TB-Speed គោលដៅដើម្បីកាត់បន្ថយអត្រាមរណៈ ក្នុងចំណោមកុមារតាមរយៈធ្វើឱ្យប្រសើរឡើង ការធ្វើរោគវិនិច្ឆ័យជំងឺរបេងកុមារ ដោយប្រើវិធីសាស្ដ្រប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធពល រាប់បញ្ជូលទាំងការបឺត យកសំណាកតាមច្រមុះ និងហ្វេរាំង រួមជាមួយនឹងការធ្វើវិមជ្ឈការនៃការធ្វើរោគវិនិច្ឆ័យជំងឺរបេង ទៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព សំដៅបង្ខិតសេវាធ្វើរោគវិនិច្ឆ័យឱ្យដល់ក្បែរប្រជាជន និងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរបេង ក្នុងចំណោមកុមារងាយរងគ្រោះបំផុត ដែលរួមដូចជា កុមារដែលទទួលរងនូវរលាកសួតធ្ងន់ធ្ងរ កុមារកង្វះអាហារូបត្ថម្ភ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ជាដើម ។

គម្រោងសិក្សានេះ ជាការស្រាវជ្រាវខ្នាតអន្ដរជាតិ ដែលមានប្រទេសចូលរួមចំនួន៧៖ មានកម្ពុជា កាមេរូន កូដឌីវរ័ដ មូហ្សំាប៊ិក សៀរ៉ាលេអូន អ៊ូហ្គង់ដា និងហ្សាំប៊ីយ៉ា ហើយដែលមានសារៈសំខាន់បំផុត ចំពោះការស្រាវជ្រាវ និងធ្វើរោគវិនិច្ឆ័យជំងឺរបេងកុមារ ដែលអន្ដរជាតិពុំដែលធ្លាប់បានធ្វើ និងបណ្ដាប្រទេសជាច្រើន ទន្ទឹងរង់ចាំលទ្ធផលដើម្បីយកទៅអនុវត្ដ។

លោកវេជ្ជបណ្ឌិត ហូត ចាន់យុដា នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានគូសបញ្ជាក់ដែរថា ជំងឺរបេង ជាជំងឺឆ្លង ហើយក៏ជាឃាតករសម្លាប់មនុស្សច្រើនជាងគេទី២ នៅលើពិភពលោក បន្ទាប់ពី Covid-19 ជាមួយនឹងការស្លាប់កើនឡើងនៅឆ្នាំ២០២០ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។

លោកបានថ្លែងបន្ដថា ករណីជំងឺរបេងកុមារថ្មី ប្រមាណជាង១លានករណី ក្នុងឆ្នាំ២០២០ នៅទូទំាងពិភពលោក ប៉ុន្ដែមានករណីជំងឺរបេងកុមារថ្មីតែ ៤០០,០០០ករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ ។ជាងពាក់កណ្ដាលនៃកុមារ និងក្មេងជំទង់ ដែលមានជំងឺរបេងប្រឈមមុខនឹងឧបសគ្គ ក្នុងការទទួលបានការណែនាំដោយសារការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៕