(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ក្រោមប្រធានបទ «ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន» និងបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីជំរុញដល់គ្រប់ភាគីចូលរួមអនុវត្តវិធានការបង្ការបញ្ហាគ្រោះថ្នាក់ការងារនៅតាមសហគ្រាស គ្រឹះស្ថានការងារនានា។

គួរជម្រាបថា ការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារនេះ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

នេះជាឆ្នាំទី១៧ ហើយដែលក្រសួងការងារបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេសជាមួយអង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងមានអង្គការAPHEDA រួមចំណែកដែរឆ្នាំនេះ ដែលមានអ្នកចូលរួមសរុបជាង៧០០នាក់ មកពីតំណាងរោងចក្រ ទេសចរណ៍ សណ្ឋាគារ សំណង់ សិប្បករជាដើម ដែលរៀបចំធ្វើឡើង នៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប។

លោក អ៉ិត សំហេង បានជំរុញដល់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅ៖ ១. បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការជាវិជ្ជមានលើផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកន្លែងធ្វើការ។ ២.ផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារ និងផលប៉ះពាល់ទៅលើកម្មករនិយោជិត រួមនឹងការអនុវត្តល្អៗពីភាគីនិយោជក និងកម្មករនិយោជិត លើការងារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និង ៣. ជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយនិងថវិកាក្នុងការបង្ការនិងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។

បើតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ២០២២នេះ គឺមានតួលេខអ្នកស្លាប់ប្រមាណ៣លាននាក់នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ចំនួននេះជាការរំលឹកដល់គ្រប់ប្រទេសជាសមាជិករបស់អង្គការ (ILO) ឱ្យបន្តខិតខំគិតគូរលើបញ្ហាសុវត្ថិភាព និងសុខភាពការងារនេះបន្តទៀត។

បើផ្អែកតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញដែរថាលទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន១១,២៥៨នាក់ ស្រីចំនួន ៦,២២០នាក់ ក្នុងឆ្នាំ២០២១ ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន៥,៧២៥នាក់ ស្រីចំនួន២,៩៨២នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន៥,៥៣៣នាក់ ស្រីចំនួន៣,២៣៨នាក់ ដែលចំនួនអ្នកគ្រោះថ្នាក់នេះមានការថយចុះស្មើនឹងចំនួន ២៥.៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវានេះ លោក អ៉ិត សំហេង បានស្នើឱ្យគ្រប់ភាគីចូលរួមបន្តអនុវត្តនូវវិធានការបង្ការជាវិជ្ជមានដល់បញ្ហាគ្រោះថ្នាក់ការងារ ក៏ដូចជាបន្តការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ រួមមានបង្កើនកិច្ចសន្ទនាសង្គមលើការងារសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ ដោយចាត់ទុកបញ្ហានេះជាសិទ្ធិមូលដ្ឋានអាទិភាពមួយ ដូចសិទ្ធមូលដ្ឋានដទៃទៀត។

លោកបានស្នើឱ្យចូលរួមអនុវត្តការអនុម័តពីការបញ្ចូលប្រធានបទសុវត្ថិភាព និងសុខភាពការងារជាការងារស្នូលដែលត្រូវយកចិត្តទុកដាក់ក្រោយពេលបន្ថែមចូលទៅក្នុងអនុសញ្ញាលេខ ១៥៥ និង ១៨៧ ដែលមានស្រាប់កន្លងមក។ ចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍របស់និយោជក និងកម្មករនិយោជិតពីសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត។

លោកបានស្នើឱ្យបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ។

លោកបានស្នើឱ្យបង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែងប្រើប្រាស់រួមគ្នា និងធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅតាមដែលអាចធ្វើទៅបាន និងណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន៕