(ភ្នំពេញ)៖ ទឹកដក់ជះក្លិនមិនល្អ ហើយបាត់បង់សោភ័ណ្ឌភាព បណ្ដាលមកពីកកស្ទះប្រព័ន្ធលូជាង១០០ម៉ែត្រ ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ២០២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បើគិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមលែងមានដក់ទឹកទៀតហើយ និងគ្មានទាំងក្លិនមិនល្អ ព្រមទាំងចាប់ផ្ដើមមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញជាបណ្ដើរៗផងដែរ សម្រាប់បម្រើជូនប្រជាពលរដ្ឋ បន្ទាប់ពីមានការយកចិត្តទុកដាក់ចុះបូម និងស្ដារប្រព័ន្ធលូ ពីលោក ជា ពិសី អភិបាលខណ្ឌ មន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញ។

បើតាមលោក ជា ពិសី បានលើកឡើងថា ចំពោះការចុះបូម និងស្ដារប្រព័ន្ធលូលើកំណាត់ផ្លូវលេខ២០២ ដើម្បីកុំឱ្យមានទឹកដក់ និងលុបបំបាត់ក្លិនមិនល្អ និងជួយលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញនេះ បានអនុវត្តន៍ឡើងយ៉ាងយកចិត្ត ទុកដាក់ ពីមន្ទីរសាធារណការដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រោយពីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ទទួលបានសំណូមពរឱ្យជួយដោះស្រាយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

លោក ជា ពិសី ថាការបូម និងស្ដារប្រព័ន្ធលូ និងការចាក់បេតុងលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) តាមបណ្ដាផ្លូវនានា គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរឡើយ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ដែលក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការធ្វើទៅតាមលទ្ធភាព ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ក្នុងការបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»