(ភ្នំពេញ)៖ នៅសល់រយៈពេលជាងកន្លះខែទៀត ទិវារត់ប្រណាំងពាក់កណ្ដាម៉ារ៉ាតុងភ្នំពេញអន្ដរជាតិ លើក​ទី​៦ ឆ្នាំ​២០១៦ នឹង​​ចាប់​​ផ្ដើម​​ហើយ ពោល​​គឺ​​នៅ​​ថ្ងៃ​​ទី​១២ ខែ​​មិថុនា​​ខាង​​មុខ ប៉ុន្ដែចំនួនអ្នកចុះឈ្មោះចូលរួមឆ្នាំនេះ ហាក់​មាន​ភាព​តាន​តឹង​ជាង​ឆ្នាំ​មុនៗ ។ ដោយ​ហេតុ​នេះ​គណៈ​កម្មការ​​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ពល​រដ្ឋ​ខ្មែរ និងបរទេស រុសរាន់មកចុះឈ្មោះឲ្យបានទាន់ពេល ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៦ នាព្រឹកថ្ងៃទី២៣ ខែ​ឧសភា​នេះ លោក សែម ផល្លា មន្ដ្រី​គណៈកម្មការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ បានបញ្ជាក់ថា មកទល់នឹងពេលនេះ គណៈកម្មការទើបទទួលពាក្យអ្នកចុះឈ្មោះចូលរួមជាង ១,០០០នាក់ប៉ុណ្ណោះ ក្នុងនោះមានបរទេសជាង ១៥០នាក់ ប៉ុន្ដែចំនួននេះ ហាក់តានតឹងបន្ដិច បើប្រៀបធៀបកាលពីឆ្នាំមុន។

លោកបន្ដថា ទោះបីជាយ៉ាងណាគណៈកម្មការនៅតែមានជំនឿចិត្ត នឹងមានអ្នកចូលរួមមិនក្រោម ៤ពាន់នាក់ឡើយ ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​ផ្លូវ​ការ ដោយ​សារ​អត្តពលិក​ភាគ​ច្រើន ទាល់តែគៀកថ្ងៃប្រកួតទើបពួកគេមកចុះឈ្មោះ ។ ប៉ុន្ដែគណៈកម្មការបានអំពាវនាវឲ្យអត្តពលិកទាំងជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមមេត្ដាចុះឈ្មោះឲ្យបានលឿន ដើម្បីរៀបចំបច្ចេកទេសប្រកួតឲ្យបានល្អប្រសើរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈ​អន្ដរជាតិ​ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង ៤សំខាន់ៗ គឺរត់ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងរត់ដើម្បីអបអរថ្ងៃកំណើតអូឡាំពិក ខួបលើកទី១២២, រត់ដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្រគន្ធបុប្ឋា និងរត់ដើម្បីទីក្រុងស្អាត។

លោកបន្ដថា នេះជាលើកទី៦ ហើយ ដែល NOCC សហការជាមួយក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍នេះ ដើម្បី​អប​អរ​សាទរ​​ពិធី​​បុណ្យ​​ចម្រើន​​ព្រះ​​ជន្ម​​សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ។ អ្វី​​ដែល​​សំខាន់​​មួយ​​ទៀត គឺ​​ជា​​រៀង​​រាល់​​ឆ្នាំ គណៈ​​កម្មការ​​តែង​​តែ​នាំ​យក​ថវិកា​ទទួល​បាន​ពី​រៀប​ចំ​ព្រឹត្តិការណ៍​​នេះ ទៅ​ជួយដល់មន្ទីរពេទ្រគន្ធបុប្ឋា ហើយឆ្នាំនេះ NOCC បាន​ត្រៀម​ថវិកា ៥​ពាន់​ដុល្លារ​ជា​ស្រេច សម្រាប់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​នេះ។

ជាមួយគ្នានេះលោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសគឺប្រជាជនខ្មែរ ចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះឲ្យបាន​ច្រើន ព្រោះ​​ការ​​រៀប​​ចំ​​ទិវា​​រត់​ប្រណាំង​​នេះ មិនត្រឹមតែធ្វើឲ្យអ្នកចូលរួមទទួលបានសុខភាពល្អនោះទេ គឺ​ថែម​ទាំង​បាន​រួម​ចំណែក​ជួយ​ដល់​សង្គម​ទៀត​ផង ។ អ្វី​ដែល​ពិសេស​ឆ្នាំ​នេះ លោក ហ៊ុន ម៉ាណែត នាយ​រង​សេនា​ធិការ​ចំរុះ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក ក៏​ត្រៀម​នឹង​ដឹក​នាំ​កូន​ទាហាន​ជា​ច្រើន​មក​ចូល​រួម​រត់​កម្សាន្ដ​ផង​ដែរ។

គួរបញ្ជាក់ផងដែរថា ការទទួលពាក្យចូលរួមនឹងបន្ដរហូតដល់ថ្ងៃរៀបចំកម្មវិធី ដោយតម្លៃចុះឈ្មោះ សម្រាប់បរទេសរត់ចម្ងាយ ២១គីឡូម៉ែត្រ​បង់ ៤០​ដុល្លារ និង​ខ្មែរ​បង់ ១៥​ដុល្លារ ។ បរទេសរត់ចម្ងាយ ១០គីឡូម៉ែត្របង់ ៣០ដុល្លារ និងខ្មែរបង់ ១០ដុល្លារ រួមទាំងវិញ្ញាសារត់កម្សាន្ដ ៣​គីឡូ​ម៉ែត្រ​បរទេស​បង់ ១០​ដុល្លារ និង​ខ្មែរ​បង់ ៥​ដុល្លារ៕