(ពោធិ៍សាត់)៖ ទោះស្ថិតក្នុងស្ថានភាព នៃការកើនឡើងថ្លៃប្រេងឥន្ធនៈជាសកល សម្រាប់ចុងសប្តាហ៍ទី១ នៃខែកក្កដា ពោលគឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៥កន្លែង សរុបមានចំនួន១២,៧៦៩នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន១២,៧៦៦នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០៣នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប១២,៧៦៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១២,៧៦៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០៣នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ០,៦៦% (ទេសចរសប្តាហ៍មុន មានចំនួន ១២,៨៥៤នាក់)។

ប្រភពបានបន្តថា សម្រាប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង ទទួលបានភ្ញៀវ មានចំនួនសរុប១,២៦៩នាក់ (ស្រី៦៩២នាក់) បើប្រៀបធៀបនឹងថ្ងៃទី០៣ ភ្ញៀវមានការថយចុះ២២,៥៣% (ថ្ងៃអាទិត្យចុងសប្តាហ៍)។ ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅ សរុប៣៩០នាក់ ស្រី៣០៦នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវ សរុប៨៧៣នាក់ ស្រី៣២១នាក់។

តួលេខភ្ញៀវទេសចរខាងលើ មានការថមថយបន្តិចបន្តួច ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរ ទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។ ជាមួយគ្នានោះ ការកំរើកឡើងវិញនូវអ្នកឆ្លងជំងឺកូវីដ១៩ ក៏អាចនិយាយបានថា ជាសញ្ញាមួយនៃការថមថយភ្ញៀវទេសចរផងដែរ ហើយក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរណែនាំក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕