(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវ សហការមួយកម្លាំងនគរបាលស្រុកបរកែវ ដឹកនាំដោយលោក ហេង ប៊ុន្នី អភិបាលស្រុក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ បានចុះបង្ក្រាបកន្លែងជល់មាន់ លួចលាក់មួយកន្លែងដុះស្លែ ជាលើកទី២ ដែលមានទីតាំងស្ថិតក្នុងចំការស្វាយចន្ទី ស្ថិតភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

លោក ហេង ប៊ុន្នី បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នូវកន្លែងខាងលើ មានលួចលាក់បើកសង្វៀនជល់មាន់ វង់បៀរ និងបាញ់អាប៉ោងភ្លាមនោះ លោកក៏បានដឹកនាំកម្លាំងចម្រុះខាងលើ ចុះបង្ក្រាបជាក់ស្តែង នៅនឹងកន្លែងតែម្តង។

លោក ហេង ប៊ុន្នី បានបន្តទៀតថា «ពេលដែលកម្លាំងយើង ចុះទៅដល់ភ្លាម ក្រុមអ្នកញៀនល្បែងទាំងនោះ បានដឹងខ្លួនទាន់ ហើយក៏នាំគ្នារត់គេចខ្លួនអស់ នៅសល់តែឧបករណ៍លេងល្បែង បន្តិចបន្តួច ពោលគឺឃាត់ខ្លួនពួកគេមិនទាន់ គ្រាន់តែដឹងថា ម្ចាស់ចម្ការស្វាយចន្ទីនេះ រស់នៅរាជធានីភ្នំពេញ ដោយមានជួលកម្មករឱ្យមើលចម្ការនេះ ហេតុដូច្នេះហើយ យើងពុំបានហៅម្ចាស់ចម្ការស្វាយចន្ទីខាងលើ មកធ្វើកិច្ចសន្យានោះទេ បានត្រឹមតែហៅកម្មករ ដែលជាអ្នកយាមចម្ការ មកធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ខាងលើ តទៅទៀត បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។

សូមបញ្ជាក់ថា កន្លែងលួចលាក់បើកសង្វៀនជល់មាន់ និងល្បែងស៊ីសងខាងលើនេះ កាលពីខែមេសា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងនគរបាលស្រុកបរកែវ ក៏បានចុះបង្ក្រាបរួចម្តងមកហើយ ហើយថែមទាំងបានឃាត់ខ្លួនក្រុមញៀនល្បែង មួយចំនួន បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី រួចបានបញ្ជូនខ្លួនបន្តទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង តទៅទៀតក្រោយមក ក៏បានអនុញ្ញាតឱ្យត្រលប់មកផ្ទះរៀងៗខ្លួនវិញ៕