(ព្រៃវែង)៖ មានករណីឃាតកម្មមួយដោយសារកូនធ្លាប់ប្រើប្រាស់គ្រឿងញៀន និងមានជំងឺប្រសៃប្រសាទ បានវាយម្ដាយ ១ញញួរពីក្រោយ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះឈ្មោះ ហែម ខែមរ៉ី (ជនរងគ្រោះ) ស្ថិតក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលស្រុកស៉ីធរកណ្តាល បានឱ្យដឹងថា ក្រោយមានសេចក្តីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលឃុំព្នៅទី១ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដាក់បទបញ្ជាមកអធិការដ្ឋាននគរបាលស្រុក ឲ្យចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ មីន ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តថា ចំណែកជនរងគ្រោះឈ្មោះ ហែម ខែមរ៉ី ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់)។ នៅមុនពេលកើតហេតុជនសង្ស័យ ឈ្មោះ មីន ចិត្រា បានយកញញួរដែក វាយម្តាយបង្កើតឈ្មោះ ហែម ខែមរ៉ី ដែលកំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ចំក្បាលផ្នែកខាងក្រោយ ១ញញួរ បណ្តាលឲ្យស្លាប់។ ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងនីតិវិធី។

ជនសង្ស័យឈ្មោះ មីន ចិត្រា បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកញញួរវាយម្តាយបង្កើតខ្លួនឈ្មោះ ហែម ខែមរ៉ី បណ្តាលឲ្យស្លាប់ ប្រាកដមែន៕