(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសកាណាដា បានផ្តល់ថវិកាចំនួន២១២០០ដុល្លារកាណាដា (ប្រមាណ១៦០០០ដុល្លារអាមេរិក) ដល់មន្ទីរពេទ្យគន្ធបុប្ជា។ ការផ្តល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នេះនៅមន្ទីរពេទ្យគន្ធបុប្ផា៤ ក្បែរវត្តភ្នំ។ ថវិកានេះ គឺផ្តល់តាមរយៈក្រុមការងារយុវជន នៅប្រទេសកាដា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងមកនេះ។

ប្រធានក្រុមការងារយុវជនប្រចាំនៅប្រទេសកាណាដា លោក រិន វីរៈ បានឲ្យដឹងថា ថវិការបស់ប្រជាពលរដ្ឋខ្មែរទាំង២១២០០ដុល្លារកាណាដានេះ គឺដោយសារតែប្រជាពលរដ្ឋខ្មែរនៅទីនោះបានដឹងថា មន្ទីរពេទ្យមួយនេះជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ និងគុណភាពល្អ ។

លោកថា លោកនឹងអាចរៃអង្គាសបន្ថែមទៀតជាបន្តបន្ទាប់នៅពេលខាងមុខ ដើម្បីជួយមន្ទីរពេទ្យនេះ។ លោកបន្ថែមថា ប្រជាពលរដ្ឋខ្មែរនៅកាណាដា មិនត្រឹមតែជួយមន្ទីរពេទ្យគន្ធរបុប្ផាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ថវិកាជីកស្រះ​ទឹក ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្រាប់ប្រជាពលរដ្ឋដែលខ្វះទឹកផងដែរ។

ប្រជាពលរដ្ឋដែលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា បានសម្តែងនូវក្តីសប្បាយរីករាយដែលមានការសប្បុរសជន ពីក្រៅប្រទេសចូលរួមជួយផ្តល់ថវិការ ដល់មន្ទីរពេទ្យដែលព្យាបាលកុមារមិនគិតថ្លៃនេះ និងចង់ឲ្យបន្តជួយជាហូរហែរថែមទៀត៕