(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។

គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាព និងស្ថានភាពនៃជំងឺគ្រុនចាញ់នៅដើមឆ្នាំ២០២២ និងកំណត់សកម្មភាពអនុវត្តបន្តនៅត្រីមាសបន្ទាប់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សន្ធំ (Pf) និងគ្រុនចាញ់វីវ៉ាក់ (Pv) នៅទូទាំងខេត្តព្រះសីហនុ ឱ្យបានត្រឹមឆ្នាំ២០២៥ខាងមុខ និងឈានទៅដល់ការទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ថានភាពគ្មានជំងឺគ្រុនចាញ់ ដែលចេញដោយអង្គការសុខភាពពិភពលោក (WHO)។

ក្នុងកិច្ចប្រជុំនោះ លោក ឡុង ឌីម៉ង់ បានលើកឡើងថា ថ្វីត្បិតតែជំងឺគ្រុនចាញ់នៅខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកអភិបាលរង ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណទៅដល់ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលខេត្ត និង ជាពិសេសអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់តាមបណ្តាភូមិ និងចល័តទាំងអស់ ដែលសុទ្ធសឹងជា វីរបុរស (Hero) នៅក្នុងកិច្ចការដ៏មានអត្ថន័យមួយនេះផងដែរ៕