(ភ្នំពេញ)៖ លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជានាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាលោកមិនចំណាយពេលវេលាដ៏មានតម្លៃក្នុងការបម្រើរាជរដ្ឋាភិបាល ទៅឆ្លើយតបការផ្សាយរបស់របស់សារព័ត៌មានឌឹខេមបូឌា ដេលីនោះឡើយ។ លោកបានចាត់ទុកការផ្សាយពាក់ព័ន្ធការកាត់កាត់ផ្ទៃដីបឹងតាមោករបស់ឌឹខេមបូឌា ដេលី ប្រៀបដូចទៅនឹងពាក្យខ្មែរថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»

ការលើកឡើងរបស់លោក ហូ សិទ្ធី បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានចុះផ្សាយពាក់ព័ន្ធការកាត់ផ្ទៃដីបឹងតាមោក និងបានរំលេចថាផ្ទៃដីដែលកាត់នោះមានចំណែករបស់កូនប្រុសរបស់លោក ហូ សិទ្ធី ផងដែរ។

នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News បានទាក់ទងទៅលោក ហូ សិទ្ធី ដើម្បីសុំការបំភ្លឺលើការផ្សាយមួយនេះ។

លោក ហូ សិទ្ធី មិនបានឆ្លើយតបទៅនឹងខ្លឹមសារដែលឌឹខេមបូឌា ដេលី បានផ្សាយនោះទេ ដោយលោកបានបញ្ជាក់យ៉ាងខ្លីបែបនេះ «កន្លងមកខេមបូឌាដេលី ដែលជាកាសែតមួយរត់ចោលស្រុកធ្លាប់មានគំនុំជាមួយខ្ញុំជាច្រើនលើកច្រើនសាររួចមកហើយ។ ហើយរាល់ពេលខ្ញុំតែងតែឆ្លើយទៅវិញ ខ្ញុំនឹងមិនធ្វើឱ្យខាតពេលវេលាដ៏មានតម្លៃរបស់ខ្ញុំ ក្នុងការបម្រើរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងអ្នកមានភ្នែក ធ្វើជាមើលមិនឃើញ ហើយមានត្រចៀកធ្វើជាថ្លង់។ ខ្ញុំមិនឱ្យខាតពេលរបស់ខ្ញុំដែលមានតម្លៃនោះទេ សម្រាប់អ្នកទាំងនោះ ដូច្នេះបញ្ហានេះទុកឱ្យឆ្កែវាចេះតែព្រុស ហើយមនុស្សបន្តដើរទៅទៀត»