(ឥណ្ឌា)៖ លោក Tim Cook នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានជួបពិភាក្សា​ជា​មួយ​នាយករដ្ឋមន្ត្រីឥណ្ដា លោក Narendra Modi នៅថ្ងៃអាទិត្យម្សិលមិញនេះ ទៅលើចក្ខុវិស័យធំ​ៗជាច្រើនសម្រាប់អនាគតដ៏ខ្លីខាងមុខ។

លោក Cook បានប្រកាសឲ្យដឹងនៅក្នុងជំនួបនោះថា ឥណ្ឌា នឹងក្លាយជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២របស់ខ្លួន នៅក្នុង​ពេលដ៏ឆាប់ខាងមុននេះ ហើយលោកសន្យាថា ក្រុមហ៊ុន Apple នឹងសហការជាមួយរដ្ឋាភិបាលឥណ្ឌាឲ្យ​បាន​ល្អ​បំផុត ដើម្បីឲ្យពលរដ្ឋឥណ្ឌា រស់នៅដោយភាពងាយស្រួលជាមួយនឹងបច្ចេកវិទ្យា Apple។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone 5S គឺជាស្មាតហ្វូនរបស់ Apple ដែលលក់ដាច់​ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ស្មើនឹង ៥០ភាគរយនៃស្មាតហ្វូនទាំងអស់ដែលបានលក់។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Foxconn ជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple បាន​ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល​ឥណ្ឌា បង្កើតរោងចក្រដ៏ធំមួយនៅលើទឹកដីឥណ្ឌា ដើម្បីផលិតនូវផលិតផលរបស់​ក្រុមហ៊ុន Apple៕