(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងនាមជាគ្រូពេទ្យក្រៅពីបន្ដពង្រឹងចំណេះដឹង គឺត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសេចក្ដីថ្លៃថ្នូរ ជាប់ជានិច្ច ជជាពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាបង ជាប្អូន ពេលមានគ្រោះអាសន្ន យើងត្រូវជួយស្រោចស្រង់ សង្គ្រោះ និងថែទាំពួកគាត់ឱ្យបានល្អ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាស អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្ដឆ្នាំ២០២២ របស់សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា (ស.ស.ឯ.ក) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងរៀនពេទ្យ គឺសំដៅដើម្បីជួយពិនិត្យព្យាបាល សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋយើង ដែលជាអ្នកជំងឺ។ ដូច្នេះនៅក្នុងឱកាសនេះ ស្នើដល់គ្រូពេទ្យ ដែលជាអ្នកផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋ ទាំងរដ្ឋ និងឯកជន ខិតខំប្រឹងប្រែងរួមគ្នាដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយើង ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»

លោករដ្ឋមន្ត្រីបន្ដថា «នេះគឺស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាល បានយកចិត្តទុកដាក់យ៉ាងខ្ពស់ អំពីសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់គុណភាពការផ្តល់សេវាសុខាភិបាល ទាំងសាធារណៈ និងឯកជន ដែលជាដៃគូ ជួយបំពេញបន្ថែម ក្នុងការផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនពលរដ្ឋយើង ឱ្យកាន់តែប្រសើរឡើង ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល»

ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្ដិយសនៃសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានគូសបញ្ជាក់ថាអ្នកផ្ដល់សេវាសុខាភិបាលឯកជន គឺជាផ្នែកមួយមិនអាចខ្វះបាន និងមានសារៈសំខាន់ ក្នុងការអភិវឌ្ឍ និងអនុវត្ដឱ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំបច្ចេកទេសផ្សេងៗ ដែលបច្ចុប្បន្ននេះ បានខិតខំធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍនូវបច្ចេកវិទ្យា ឱ្យមានការយល់ដឹង និងចូលរួមចំណែកទាំងអស់គ្នា ក្នុងការទទួលខុសត្រូវនៃការផ្ដល់សេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលឱ្យបានត្រឹមត្រូវ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ថែមថា ដូចនេះទិសដៅនៃការបង្កើតសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា គឺការផ្ដល់សេវាសុខាភិបាល ឱ្យកាន់តែខិតជិត និងប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ លើសពីនោះ សមាគម ត្រូវបន្ដពង្រឹងសមត្ថភាព ឱ្យកាន់តែមានការវិឌ្ឍន៍ទៅមុខកាន់តែបានល្អ និងពង្រីកសមាជិកភាពនៃសមាគមឱ្យកាន់តែច្រើន ដើម្បីមានភាពងាយស្រួលធ្វើការងារជាមួយគ្នា ជាពិសេសគឺការស្រាវជ្រាវរបស់សមាគម លើផ្នែកបច្ចេកវិទ្យា និងវេជ្ជសាស្ដ្រ ដើម្បីស្វែងរកនូវបច្ចេកទេសថ្មីៗ ដែលយើងរៀនសូត្រពីបណ្ដាប្រទេសលើសកលលោក មកធ្វើបច្ចុប្បន្នភាព មកផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ។

តាមការថ្លែងបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សមាគម មានសមាជិកសរុបចំនួន ២៦១មូលដ្ឋានសុខាភិបាល ក្នុងនោះមាន៖ មន្ទីរពេទ្យឯកជន ចំនួន៤, មន្ទីរពហុព្យាបាល ចំនួន៣៣, មន្ទីរសម្រាកព្យាបាល-មន្ទីរសម្ភព ចំនួន១២៧ និងបន្ទប់ពិគ្រោះព្យាបាលជំងឺ ចំនួន៩៧៕