(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានមកដល់ប្រទេសវៀតណាមហើយ នៅក្នុងដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងរយៈពេលបីថ្ងៃ ហើយប្រធានបទក្តៅបំផុតនោះ គឺជាសំនួរដែលសួរថាតើវៀតណាមអាចក្លាយជា ដៃគូជិតស្និទ្ធរបស់អាមេរិកដែរឬទេ? នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

វាមិនមែនជារឿងងាយនោះឡើយ ដែលវៀតណាមនិងអាមេរិក ដែលធ្លាប់ជាគូសត្រូវស៊ីសាច់ ហូតឈាមអំឡុងសម័យសង្គ្រាមត្រជាក់ ក្នុងការចាប់ដៃគ្នាឡើងវិញដើម្បីក្លាយជាដៃគូសហការ ឬក៏អាចទៅជាសម្ព័ន្ធមិត្តនឹងគ្នានោះ ក៏ប៉ុន្តែអាមេរិកហាក់បានបើកភ្លើងខៀវរួចទៅហើយនៅពេល ដែលខ្លួនបាន ទាមទារឲ្យវៀតណាមដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលនៅឧបសគ្គនៅឡើយ ប្រសិនបើចង់ឲ្យអាមេរិកទទួលយកខ្លួនជាមិត្តភក្តិស្និតស្នាល ដូចប្រទេសដទៃទៀត។

យ៉ាងណាក៏ដោយគ្រប់គ្នាពិតជាបានដឹងថា ចេតណាអាមេរិកដ៏ពិតប្រាកដ នោះគឺការលូកដៃ ចូលបញ្ហាសមុទ្រចិនខាងត្បូង ដែលពេលនេះប្រទេសចិនកំពុងតែពង្រឹងវត្តមានកាន់តែខ្លាំងនៅ លើបណ្តាកោះទាំងឡាយ ដែលខ្លួនបានកាន់កាប់ ឬដែលអាមេរិកបានចោទថាជាកោះបង្កើតឡើងថ្មី ដោយចិនផ្ទាល់។ ប្រការនេះទើបអាមេរិកមិនអាចឱបដៃមើល ការពង្រីកវិសាលភាពឥតឈប់ឈរ របស់មហាអំណាចយក្សនៅអាស៊ីមួយនេះឡើយ។

សំឡឹងមើលទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសហ្វីលពីន និង វៀតណាមនឹង ក្លាយជាជនរងគ្រោះខ្លាំងជាងគេបំផុត ប្រសិនបើជម្លោះសមុទ្រចិនខាងត្បូងកាន់តែរីករាលដាល ហេតុដូច្នេះវត្តមានរបស់អាមេរិកចូលមកដល់ អាចធ្វើឲ្យប្រទេសទាំងពីរកក់ក្តៅ។ សម្រាប់ហ្វីលីពីន គឺជាសម្ព័ន្ធមិត្តយូរលង់របស់ទៅហើយ ប៉ុន្តែវៀតណាមនៅត្រូវការពេលចរចាគ្នាបន្ថែមទៀត។

គ្រប់គ្នាកំពុងរង់ចាំមើលថា រយៈពេលបីថ្ងៃដើមសប្តាហ៍នេះ អតីតគូសត្រូវទាំងពីរ គឺអាមេរិក និង វៀតណាម អាចសម្រេចចេញនូវលទ្ធផលអ្វីខ្លះ។ ប៉ុន្តែសម្រាប់ថ្ងៃដំបូងនេះ ប្រមុខដឹកនាំកំពូល វៀតណាមនិងអាមេរិក ទំនងជានឹងលើកយកបញ្ហាលើកលែងជំនួញអាវុធ ដែលអាមេរិកបាន ដាក់លើទីក្រុងហាណូយ រាប់ទសវត្សរ៍មកហើយ ដោយវាបានក្លាយជាឧបសគ្គធំមួយដែរសម្រាប់ វិស័យការពារជាតិរបស់វៀតណាមកន្លងមក៕