(សៀមរាប)៖ លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានលើកឡើងថា ក្រសួងបរិស្ថាន នឹងប្រឹងប្រែងឱ្យអស់ ពីលទ្ធភាព ដើម្បីបង្កើតទីតាំងតំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសទេចរនានាមកកម្សាន្ត។

បើតាមមន្ត្រីអនុវត្តន៍គម្រោងរូបនេះ បានបន្តថា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ ដែលពួកគាត់ធ្លាប់ប្រកបមុខរបរតាំងពីដូនតារបស់ពួកគាត់ ដូចជាកាប់ឆ្ករព្រៃ ដើម្បីដាំដំណាំ និងបរបាញ់សត្វនោះ ឱ្យប្រជាពលរដ្ឋទាំងនោះងាកមកចូលរួមការពារអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ គឺក្រសួងបរិស្ថាន បានរៀបចំឱ្យមានគម្រោងទេសចរណ៍ធម្មជាតិ ដូចជាបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយបណ្តោះបណ្តាល ពួកគាត់ពីជំនាញទេសចរណ៍នានាជាដើម។

លោក ខៀវ បូរិន បានគូសបញ្ជាក់ថា៖ «ដូច្នេះ យើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាពយកថវិកានេះ បង្កើតឱ្យបានជាយុទ្ធសាស្ត្រ និងការអនុវត្តយុទ្ធសាស្ត្រនៅក្នុងតំបន់ការពារធនធានធម្មជាតិ ដៃម្ខាងយើងធ្វើការងារអភិរក្ស ដៃម្ខាងយើងទៀត យើងត្រូវខំប្រឹងប្រែងយកគម្រោងនេះផលិតឱ្យបានជាប្រាក់ហូរចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាចូលក្នុងសេដ្ឋកិច្ចជាតិដែរ»

ជាមួយគ្នានេះ លោកបានបន្ថែមថា ចំពោះការងារអេកូទេសចរណ៍ក្រសួងបានរៀបចំរួចហើយ ហើយក្រុមហ៊ុនឯកជនមួយចំនួនក៏បានជួយគាំទ្រការអនុវត្តតំបន់ទេសចរណ៍ និងព្រមទាំងវិនិយោគសប្បទានលើវិស័យ ទេសចរណ៍ក្នុងនេះដូចជាការអនុវត្តផ្លូវធ្វើដំណើរ ទីកន្លែងចំណត កន្លែងបោះតង់ ទឹកស្អាត អនាម័យ កន្លែងម្ហូបអាហារ កន្លែងដើរព្រៃជាដើម។

មន្ត្រីជំនាញរូបនេះ បានបន្តថា ក្រៅពីនេះការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ទាំងឯកជន និងសហគមន៍ពិតណាស់នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយកាត់បន្ថយការដាក់សម្ពាធទៅលើការចូលព្រៃកាប់ឈើ និងចាប់សត្វព្រៃពីព្រោះថាកាលណាប្រជាជនគ្មានមុខរបរគាត់អាចចូលព្រៃបំផ្លិតបំផ្លាញធនធានធម្មជាតិ។ ជាមួយគ្នាការអភិរក្សបានប្រសើរជាងមុន និងក្រៅពីនេះការលើកកម្ពស់នូវខ្សែសង្វាក់ផលិតផលក៏ល្អតាមមកជាមួយដែរ។

លោក ខៀវ បូរិន បានបង្ហាញជំនឿថា៖ «នៅថ្ងៃខាងមុខប្រទេសកម្ពុជានឹងមិនខ្វះតំបន់កម្សាន្តនោះទេ ជាពិសេសការអភិវឌ្ឍ កែច្នៃតំបន់ធម្មជាតិនេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅតាមតំបន់ទាំងនេះ ដូច្នេះ ការអភិវឌ្ឍតំបន់ទេសចរណ៍ និងទីតាំងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ វាក៏អាចក្លាយជាផ្នែកមួយពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរលើសមួយថ្ងៃ ក៏យើងអាចបានប្រាក់ចំណូលបន្ថែមដែរ»

តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានជំរុញដល់ប្រជាសហគមន៍តំបន់ការពារធនធានធម្មជាតិ រៀបចំម្ហូបអាហារ សម្រាប់ទទួលភ្ញៀវឱ្យបានសមរម្យ ជាស្តែងនៅតំបន់ឧទ្យានជាតិ ជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» គឺមានជ្រូកគូលែន មាន់អាំង និងមុខម្ហូបផ្សេងៗទៀត បន្ថែមពីនេះគឺការរៀបចំខ្លួនបានសមរម្យ។ ចំណុចនេះជាការចាប់ផ្តើមធ្វើឱ្យភ្ញៀវទេសចរនានាកាន់តែចាប់អារម្មណ៍បន្ថែម។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក ខៀវ បូរិន។

បើតាមលោក តុង ណៃ ប្រធានសហគមន៍តំបន់អេកូទេសចរណ៍ព្រែកទាល់ បានបង្ហាញក្តីសប្បាយរីករាយ និងមានជំនឿថា តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នឹងជួយឱ្យសហគមន៍ របស់លោកកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ធ្វើឱ្យសេដ្ឋកិច្ចប្រជាសហគមន៍មានការរីកចម្រើនជាដើម។

លោក ណៃ បានឱ្យដឹងថា សម្រាប់តំបន់អេកូទេសចរណ៍ព្រែកទាល់ មានសត្វស្លាប១២៩ប្រភេទ សរុបជាង២ម៉ឺនក្បាល ដោយមិនទាន់គិតពីចំនួនសត្វញាស់ថ្មីឡើយ រងចាំទទួលទេសចរមកទស្សនា។ សហគមន៍ក៏កំពុងផ្សព្វផ្សាយសក្តានុពលរបស់ខ្លួន ទៅកាន់ទេសចរ និងចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិ និងសត្វស្លាប ក្នុងតំបន់ការពារ។

សូមជម្រាបថា ក្រោមការគាំទ្រពីធនាគារពិភពលោក, ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) គម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត។

គួរជម្រាបថា ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងបឹងទន្លេសាប រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕