(ពោធិ៍សាត់)៖ សិស្សសាលាប្រុសស្រី ចំនួន៩នាក់ ត្រូវសមត្ថកិច្ចហៅមកអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលមកធានា បន្ទាប់ពីពួកគាត់នាំគ្នាជក់បារីអេឡិចត្រូនិច នៅចំណុច

កញ្ចុះមាត់ស្ទឹង ភូមិព្រៃខ្លុង ឃុំរកាត និងកញ្ចុះមាត់ស្ទឹងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទំព័រ Facebook របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះថា ក្រោយទទួលបានមតិដឹកនាំរបស់ស្នងការនគរបាលខេត្ត កម្លាំងអន្ដរាគមន៍ស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច បានឃាត់ខ្លួនសិស្សសាលាប្រុសស្រី ចំនួន៩នាក់ មកសួរនាំបន្ទាប់ពីពួកគាត់នាំគ្នាជក់បារីអេឡិចត្រូនិច។

នៅពេលឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ចដកហូតបាន បារីអេឡិចត្រូនិច ចំនួន២ និងទឹក Vape ចំនួន១ដប។ ក្រោយមកសមត្ថកិច្ចបានធ្វើការអប់រំ និងហៅអាណាព្យាបាលដើម្បីធានាយកទៅលំនៅឋានវិញ។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (អ៊ីស៊ីហ្ការ៉ែត) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs)។

ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ទាំងនេះ អាចធ្វើជារបាំង និងជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន ឬអាចជាកត្តាដែលនាំទៅប្រើប្រាស់គ្រឿងញៀន។

ពាក់ព័ន្ធករណីនេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន បង្ហាញពីការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច ឬ Vape ដែលបញ្ជូនសារធាតុនីកូទីនអេឡិចត្រូនិច ហើយបារីអេឡិចត្រូនិចមានបរិមាណនីកូទីនខុសៗគ្នា។ បារីអេឡិចត្រូនិច៩៩% មានផ្ទុកជាតិនីកូទីន។

ក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីន ត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។

ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នក
ជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕