(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលមួយ តាមប្រព័ន្ធអនឡាញ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងកិច្ចការរដ្ឋបាលតុលាការ នៅកម្ពុជា»

គោលបំណង នៃការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធកិច្ចការរដ្ឋបាលរបស់តុលាការនៅកម្ពុជា និងពង្រឹងសមត្ថភាពក្នុងការកសាងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិក។

ឆ្នាំនេះ កយកា-KOICA បានរៀបចំវគ្គបណ្តុះបណ្តាល ឆ្នាំទី២តាមប្រព័ន្ធអនឡាញ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងកិច្ចការរដ្ឋបាលតុលាការ នៅកម្ពុជា» ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែកក្កដា ២០២២។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល១០ថ្ងៃនេះ គឺសម្រាប់មន្រ្តីថ្នាក់កណ្តាល ចំនួន២០រូបមកពីក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី ទី១៖ ផ្តល់នូវសេចក្តីយោង អំពីបទពិសោធន៍របស់ប្រទេសកូរ៉េ ចំពោះវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា, ទី២៖ ជួយក្នុងការធ្វើឲ្យប្រសើរឡើង និងទំនើបកម្ម នៃប្រព័ន្ធរដ្ឋបាលតុលាការ និងទី៣៖ ជួយពង្រឹងការទទួលខុសត្រូវ និងការយល់ដឹង អំពីក្រមសីលធម៌នៃមន្ត្រីច្បាប់ និងតុលាការ។

សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) ដោយធ្វើការវិភាគលើបញ្ហានាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមធំៗ ដែលប្រទេសកំពុងជួបប្រទះ។ វាគឺជាផ្នែកមួយ នៃដំណើរការបង្កើតផែនការសកម្មភាព ដែលសិក្ខាកាម នឹងចូលរួមនៅក្នុងអំឡុងពេលនៃកម្មវិធីបណ្តុះបណ្តាល។

សូមជម្រាបថា នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ការពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។ កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស៕