(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការជំនាញ អភិបាល-អភិបាលរង ក្រុង ស្រុក មេឃុំ ស្មៀនឃុំ សមាជិកឃុំ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការបង្កើត និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ក្នុងគោលដៅដើម្បីសម្រេចបាននូវការអនុវត្តន៍បានកាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ នៅតាមមូលដ្ឋានឃុំ សង្កាត់ ធានាបានប្រសិទ្ធភាពខ្ពស់ និងត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត និងអនុវត្តន៍ឱ្យបាននូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលពិសេសគោលនយោបាយភូមិ ឃុំ សុវត្ថិភាព។

លោកអភិបាលខេត្ត បានបន្ថែមថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាបានផ្តល់ជាមូលដ្ឋានក្នុងការពិនិត្យ និងរៀបចំដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមុនចាប់ផ្តើមការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឱ្យការតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

បន្ថែមពីនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ធានាបាននូវភាពស៊ាំក្នុងសហគមន បង្កភាពងាយស្រួលក្នុងការប្រកបរបបចិញ្ចឹមជីវិតធ្វើឱ្យមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល៕