(ព្រៃវែង)៖ ក្រុមឈ្មួញរកស៊ី បានដឹកជញ្ជូនធ្យូងដែលកើតចេញពីការកាប់ នឹងដុតអនុផលព្រៃឈើទាំងមិនទាន់កែច្នៃ និងកែច្នៃរួច ឆ្លងកាត់ពីបណ្ដាខេត្តផ្សេងៗយកទៅលក់នៅប្រទេសជិតវៀតណាមតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ប៉ុន្តែសម្រាប់មន្រ្តីជំនាញវិញអះអាងថា ទាំងនេះមិនមែនជាធ្យូងថ្មនោះឡើយ ពោលជាប្រដើមអាកាស្យាដែលត្រូវបានហាមឃាត់នោះទេ។

ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងតាមរថយន្តទូរីស និងរថយន្តសាំយ៉ុង ឬរថយន្តកែច្នៃផ្សេងទៀត ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនរអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ទាំងថ្ងៃទាំងយប់ ដោយមិនឃើញមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយទប់ស្កាត់បង្ក្រាបឡើយ។

ពលរដ្ឋបានបន្តថា ចំពោះរថយន្តដឹកធ្យូងនេះ ក្រុមឈ្មួញបានដឹកវាងតាមផ្លូវមួយខ្សែនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ហើយបើកតម្រង់ទៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខណៈដែលមានសមត្ថកិច្ចចាំបើកបារ៉ាស់ស្រាប់ឲ្យ ចូលយ៉ាងរំភើយតែម្ដង។

ជាមួយគ្នានេះ ក្រុមឈ្មួញបង្ហើបថា ការដឹកជញ្ជូនធ្យូងចូលទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានយ៉ាងរលូនបែបនេះ គឺពេលដឹកជញ្ជូនធ្យូងចេញម្ដងៗតែងតែមានអ្នករត់ការជួប សមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមជាមួយមន្រ្តីប្រចាំច្រកអស់ហើយ ទើបអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមិនធ្វើការបង្ក្រាប។

សម្រាប់ក្រុមឈ្មួញវិញ បានឲ្យដឹងថា រថយន្តដឹកផលអនុផលព្រៃឈើដែលបានកែច្នៃទៅជាធ្យូដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនេះ គឺកើតមានរាប់ខែមកហើយ ហើយការដឹកបានរលូនបែបនេះ គឺពួកគេបានបង់លុយឲ្យមន្ត្រីប្រចាំច្រកទ្វារក្នុងមួយជើង១លានរៀល សម្រាប់ឡាន១គ្រឿង ទើបមានមន្ត្រីឈរចាំបើកប៉ារ៉ាស់ឲ្យរថយន្តដឹកធ្យូងចេញចូលទាំងថ្ងៃទាំងយប់បានដោយរលូនបែបនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានឲ្យដឹងថា ធ្យូងដែល គេដឹកយកទៅលក់នៅប្រទេសវៀតណាម គឺជាដើមអាកាស្យាមិនមែនដើមឈើដែលត្រូវហាមឃាត់នោះទេ ហើយបើប្រធានច្រកគេឲ្យចេញ គាត់មិនមានសិទ្ធិអំណាចអ្វីនោះទេ។

ចំណែកលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបញ្ជាក់ថា មន្រ្តីមិនមានច្បាប់អនុញ្ញាតឱ្យការនាំធ្យូងទៅលក់នៅប្រទេសជិតខាងនោះទេ តែបើមានករណីមែន លោកនឹងឲ្យសមត្ថកិច្ចជំនាញធ្វើការបង្ក្រាប។

ជុំវិញករណីនាំធ្យូងទៅលក់នៅប្រទេសវៀតណាម ដោយរលូនតាមច្រកអន្តរជាតិម៉ឺនជ័យនេះដែរ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មិនអាចសុំការបំភ្លឺបាននោះឡើយ៕