(សៀមរាប)៖ កសិករនៅស្រុកបន្ទាយស្រីមួយរូប បានចាប់ផ្តើមបើកសិប្បកម្មខ្នាតតូចមួយកន្លែង ដើម្បីកែច្នៃគ្រាប់ស្វាយចន្ទី ដែលអាចមានលទ្ធភាពផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកបានមួយផ្នែក ជំនួសការលក់គ្រាប់សើមឱ្យឈ្មួញកណ្ដាល ដែលលក់បានក្នុងតម្លៃថោក។

ភូមិចន្ទី-Cashew Village គឺជាឈ្មោះរោងសិប្បកម្មកែច្នៃគ្រាប់ចន្ទីរបស់លោក ផល ភារម្យ ស្ថិតនៅភូមិប្រិយ៍ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ធ្លាប់ជាមគ្គុទេ្ទសក៍ទេសចរណ៍ លោក ភារម្យ ចាប់អារម្មណ៍ការកែច្នៃគ្រាប់ចន្ទីលក់ក្នុងស្រុកនៅដើមឆ្នាំ២០២០ គឺអំឡុងពេលលោកសម្រាកពីការងារមគ្គុទ្ទេសក៍ដោយសារបញ្ហាកូវីដ១៩។

ទោះជាយ៉ាងណា ការបើកអាជីវកម្មនេះដំបូងមិនទទួលបានជោគជ័យទេ ដោយសារមានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ទើបតែក្នុងខែមេសាឆ្នាំ២០២២ នេះ លោកបានបើកសិប្បកម្មកែច្នៃជាផ្លូវការ នៅស្រុកបន្ទាយស្រី។

លោកបន្តថា ចំពោះទីផ្សារលោកបានបោះឲ្យម៉ូយនៅខាងខេត្តសៀមរាប និងភ្នំពេញ គឺពួកគេមានសន្ទុះគាំទ្រច្រើន ពិសេសទំនិញរបស់លោកលក់ក្នុងតម្លៃសមរម្យ មិនថ្លៃពេក។ សព្វថ្ងៃនេះលោកបោះឲ្យម៉ូយនៅខាងភ្នំពេញក្នុងមួយថ្ងៃ៥០គីឡូ ម៉ូយខ្លះទៀតទិញ៣០គីឡូ និងមានម៉ូយជាច្រើនទៀតដែលកំពុងចរចាជាមួយនឹងសិប្បកម្មភូមិចន្ទី។ ចំពោះគ្រាប់ស្វាយចន្ទី លោកបានទិញក្នុងស្រុកបន្ទាយស្រី មានភ្នំគូលែន ឃុំឃុនរាម ដែលកសិករដាំជាលក្ខណៈគ្រួសារ ហើយទិញម្តង១តោន និងកន្លះតោន។

ជាមួយនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី សង្ឃឹមថា ប្រជាពលរដ្ឋកាន់តែច្រើននឹងចូលរួមរុញច្រានកសិផលមួយប្រភេទនេះឱ្យទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រី ដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុក។ លោកជឿជាក់ថា ផលិតផលមួយនេះ មានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោតបន្ទាយស្រីប៉ុន្មានទេ៕