(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ (​យប់​៨​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ រង​របួសធ្ងន់​៩​នាក់​ និង​របួសស្រាល​៣​នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២១​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​,​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​,​ ស្រវឹង​១​លើក​,​ មិន​គោរព​សិទ្ធិ​២​លើក​, ​បត់​គ្រោះថ្នាក់៣​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់​។​

​នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ២,៣៩៦​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,១៤៦​គ្រឿង​ និង​ពិន័យ​សរុប​ ១,២៥០​គ្រឿង​ ៕​