(ព្រៃវែង)៖ លោកស្រី ធីណា រ៉េដ ស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងសហការីលោកស្រីគឺ វុទ្ធី សុកញ្ញា បានធ្វើទស្សនកិច្ចនៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាកន្លែងដែលមជ្ឈមណ្ឌលឯកសារកម្ពុជា សាងសង់ចេតីយ៍ជាសំណងសមូហភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានសាច់ញាតិបងប្អូនស្លាប់ក្នុងរបបខ្មែរក្រហម និងសំណង់ផ្ទាំងពាក្យស្លោករំឮកពីការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។

ដំណើរទស្សនកិច្ចរបស់លោកស្រី និងសហការី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានទទួលស្វាគមន៍ដោយលោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ផេង ពង្សរ៉ាស៉ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំខេត្តព្រៃវែង និងបុគ្គលិក ព្រមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ ១០នាក់ នៅនឹងទីតាំងផ្ទាល់ នៅវេលាម៉ោង១០កន្លះ។ លោក ផេង ពង្សរ៉ាស៉ី បានជម្រាបជូនលោកស្រីអគ្គរាជទូត ពីការសាងសង់សំណង់ចេតីយ៍ និងផ្ទាំងពាក្យស្លោក និងបុព្វហេតុដែលនាំឲ្យមានការសាងសង់សំណង់រឹងមាំទាំងពីរ ថាជាការស្នើសុំរបស់អាជ្ញាធរមូលដ្ឋានបន្ទាប់ពីមានការឯកភាពគ្នា ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលកំពុងរស់នៅក្នុងភូមិនានានៃឃុំចាម ស្រុកកំពង់ត្របែក សម្រាប់សំណងនិម្មិតរូបក្រោយការបិទបញ្ចប់ដំណើរការរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។

លោកស្រី សូ ហ្វារីណា បានប្រាប់ពីគម្រោងសំខាន់ៗមួយចំនួនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបាន និងកំពុងអនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជាពិសេសនៅក្នុងស្រុកកំពង់ត្របែក រួមទាំងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផង។

លោកស្រីអគ្គរាជទូត បានជួបសំណេះសំណាលជាមួយអ្នកភូមិដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកដែលបានយកអដ្ឋិធាតុសាច់ញាតិបងប្អូនដែលបានស្លាប់ក្នុងរបបខ្មែរក្រហម មកដាក់តម្កល់នៅក្នុងចេតីយ៍ នៅក្រោមដើមត្នោតបីបួនដើមស្ថិតនៅលើទីតាំងទួលធាតុ ក្បែរសំណង់ចេតីយ៍និងផ្ទាំងពាក្យស្លោក ដោយក្តីសោមនស្សរីករាយ និងភាពស្និទ្ធស្នាល។ ជាដំបូង លោកស្រីបានថ្លែងអំណរគុណចំពោះវត្តមានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចំណាយពេលវេលាមកទទួលស្វាគមន៍លោកស្រី។ លោកស្រី ក៏បានរំឮកដល់អ្នករស់រានមានជីវិតទាំងអស់ពីសារសំខាន់នៃការសាងសង់ចេតីយ៍ និងផ្ទាំងពាក្យស្លោកនេះថា វាពិតជាបានបង្កើននូវការចងចាំ និងការផ្សះផ្សាជារួមមួយក្រោយតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រមទាំងជាកន្លែងបង្រៀនយុវជនជំនាន់ក្រោយពីប្រវត្តិសាស្ត្រនេះទៀតផង តាមរយៈការប្រើប្រាស់ទីតាំង និងសំណង់នេះជាថ្នាក់រៀន។

លោកស្រីបានបញ្ជាក់ដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូន ពូមីងបានមកចូលរួមនៅទីនេះ។ ខ្ញុំមកថ្ងៃនេះ គឺចង់មកមើលចេតីយ៍ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ទើបតែសាងសង់រួចរាល់កាលពីខែមេសា កន្លងទៅនេះ។ ដោយយល់ឃើញថា បងប្អូនពូមីងដែលជាជនរងគ្រោះ មានសាច់ញាតិបងប្អូនស្លាប់នៅក្នុងរបបខ្មែរក្រហម ទើបមានការសាងសង់សំណង់ចេតីយ៍នេះឡើងនៅទីនេះ ដើម្បីគោរពវិញ្ញាណក្ខន្តដល់ពួកគាត់ដែលបានស្លាប់ទៅ។ ទីតាំងនេះ ក៏ជាកន្លែងសម្រាប់បង្រៀនដល់ក្មេងជំនាន់ក្រោយឲ្យចងចាំពីរបបខ្មែរក្រហម និងទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឲ្យវិលត្រឡប់មកវិញសារជាថ្មីម្តងទៀត»

ជាចុងក្រោយ លោកស្រីបានសួរទៅកាន់អ្នករស់រានមានជីវិតទាំងអស់ពីអាយុ ការរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាព។ មុនដំបូង លោកស្រីបានបង្ហាញពីអារម្មណ៍របស់លោកស្រីតាមរយៈការមើលឃើញផ្ទាល់ភ្នែកថា អ្នករស់រានមានជីវិតទាំងអស់ពិតជាមានសុខភាពល្អ និងរឹងមាំណាស់។ ប៉ុន្តែនៅពេលដែលលោកស្រី សួរនាំដល់បញ្ហាសុខភាព អ្នករស់រានមានជីវិតភាគច្រើន ជាពិសេសអ្នកដែលមានអាយុលើស៦០ឆ្នាំ សុទ្ធតែមានជំងឺទឹកនោមផ្អែម ជំងឺសន្លាក់ និងជំងឺលើសឈាម។

លោកស្រីបានបន្តដូច្នេះថា «...មួយវិញទៀតខ្ញុំបានដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជា គឺមានគម្រោងមួយពាក់ព័ន្ធនឹងការគាំពារសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំកោតសរសើរអ៊ុពូមីង ដែលមើលទៅឃើញថាអ៊ុពូមីងមានវ័យចាស់ និងមានសុខភាពរឹងមាំ ក៏ប៉ុន្តែតាមរយ:ការសំណេះសំណាលរបស់ខ្ញុំជាមួយបងប្អូនពូមីងវទើបខ្ញុំដឹងថា អ៊ុពូមីងភាគច្រើន សុទ្ធតែមានជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ក្រពះ វិលមុខ ស្ពឹកស្រពន់ជាដើម»

ចុងបញ្ចប់ លោកស្រីបានផ្តាំផ្ញើឲ្យអ្នករស់រានទាំងអស់ថែរក្សាសុខភាព និងបន្តចែករំលែកបទពិសោធន៍របស់ខ្លួនដល់ក្មេងៗជំនាន់ក្រោយទៀត ដើម្បីថែរក្សាការចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងចូលរួមទប់ស្កាត់ការកកើតឡើងវិញនៃរបបនេះនាពេលអនាគត។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានវត្តមាននៅឯសំណង់ចេតីយ៍សហគមន៍ បានថ្លែងអំណរគុណដល់លោកស្រី ធីណា រ៉េដ ស ដែលបានយកចិត្តទុកដាក់និងចុះមកសួរសុខទុក្ខអ្នករស់រានមានជីវិតដោយផ្ទាល់នាថ្ងៃនេះ។ នេះគឺជាកាយវិការមួយដែលបង្ហាញថា រឿងរ៉ាវរបស់គាត់មិនត្រូវបានបំភ្លេច។ អ្នករស់រានមានជីវិតទាំងអស់ បានសំណូមលោកស្រីឲ្យជួយកែលម្អបរិវេណចេតីយ៍ ជាពិសេសឈូសឆាយផ្លូវចូលមកកាន់ចេតីយ៍ឲ្យកាន់តែប្រសើរជាងនេះ ដើម្បីឲ្យគាត់ទាំងអស់គ្នាអាចមកប្រារព្ធកម្មវិធីផ្សេងៗ ដូចជាទិវាចងចាំ និងវេទិកាពិភាក្សាអំពីរឿងរ៉ាវពីសម័យខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយនៅទីនេះបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា កាលពីបីខែមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកស្រី ធីណា រ៉េដស បានមកធ្វើទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ម្តងរួចហើយ ដើម្បីស្វែងយល់ពីដំណើរការនៃបណ្ណាល័យនេះ និងកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៕