(ភ្នំពញ)៖ អំឡុងទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា។

ជំនួបនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពី លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលអមដំណើរទៅមីយ៉ាន់ម៉ាផងដែរ។

តាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ាជាដើម។

សូមជម្រាបថា លោក ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសអាស៊ាន បាន និងកំពុងបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ៥ថ្ងៃ៕