(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានជំរុញ និងអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថានសន្ដិសុខឯកជនទាំងអស់ បន្ដបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបំប៉ន និងបណ្ដុះបណ្ដាលជំនាញភ្នាក់ងារសន្ដិសុខឯកជន ដើម្បីពង្រឹងគុណភាពនៃការផ្ដល់សេវារបស់ខ្លួនជូនអតិថិជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៨ ដែលរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រង់សន្ដិសុខឯកជន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១៣៧នាក់។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះភ្នាក់ងារសន្ដិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ជាមួយកងកម្លាំងសមត្ថកិច្ច ដូច្នេះដើម្បីធានាដល់ការចូលរួមនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ គឺទាមទារឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាពខ្ពស់ផងដែរ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ដទៀតថា សិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលនេះ ត្រូវយកចំណេះដឹងដែលខ្លួនទទួលបានទៅចែករំលែកជាមួយសហការី ឬក្រុមការងាររបស់ខ្លួន និងប្រើ ប្រាស់ឲ្យចំគោលដៅ ធ្វើយ៉ាងណាបង្កើននូវគុណភាពការងារក្នុងអង្គភាពឲ្យមានការប្រែប្រួល ដើម្បីទទួលបាននូវការជឿទុកចិត្ត និងការលើកទឹកចិត្តពីម្ចាស់សហគ្រាស ឬអតិថិជនជាដើម។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំឲ្យភ្នាក់ងារសន្ដិសុខឯកជន នៅបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ ពិសេសបទល្មើសគ្រឿងញៀន មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន ៣៨លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន១៣៧នាក់ (ស្រី០៨នាក់) និងសិក្ខាកាមសរុបចំនួន ៦,៧៦៦នាក់ (ស្រី១៦០នាក់)។

លោកឧត្តមសេនីយ៍ឯក បានបន្ដថា កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

ក្នុងន័យនេះ យើងសង្គេតឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អាប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះ មានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព ប៉ុន្តែនៅមានភ្នាក់ងារសន្តិសុខឯកជន ជាច្រើន ដែលបានធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់ ធ្វើឲ្យមានភាពចន្លោះប្រហោងនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើស គឺសំដៅទៅលើការចាប់បង្ខាំងមនុស្ស ឬបង្ខាំងជនល្មើសដែលបានប្រព្រឹត្តបទល្មើស ហើយរក្សាទុករយៈពេលយូរហើយមិនបានរាយការណ៍ ឬមិនសហការជាមួយសមត្ថកិច្ចនោះទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានសូមសំណូមពរ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស៕