(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខសំណេះសំណាល និងយកអំណោយប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ចំនួន៤០គ្រួសារ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងដោយអាណិតអាសូរដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយបានចាត់ទុកការលំបាកប្រជាពលរដ្ឋ គឺជាទុក្ខលំបាកថ្នាក់ដឹកនាំដែលត្រូវតែដោះស្រាយ និងបានណែនាំឱ្យបន្តប្រុងប្រយ័ត្នជាមួយគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ទឹកជំនន់ ថែរក្សាសុខភាព ប្រតិបត្តិខ្ជាប់ខ្ជូននូវវិធានសុខាភិបាលប្រឆាំងកូវីដ-១៩ អប់រំកូនចៅឱ្យចាកចេញឆ្ងាយពីគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរនិងអរគុណដល់ប្រជាជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសុខសន្តិភាពបន្តកសាងបាននូវមូលដ្ឋានមួយរីកចម្រើនជាអនាគត និងកូនចៅ និងបានអញ្ជើញទៅបោះឆ្នោតជ្រើសបានចៅសង្កាត់ដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងបន្តការអភិវឌ្ឍមូលដ្ឋានបន្តរីកចម្រើនទៅមុខទៀត។

សូមបញ្ជាក់ថា ចំពោះអំណោយដែលយកទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ដ្រាក់ចំនួន៤០គ្រួសារនេះ ដោយមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលផងដែរ៕