(សៀមរាប)៖ យុវសិស្ស ចំនួន ១៥០នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ស្រុកចំនួនបី គឺស្រុកពួក ក្រឡាញ់ និងស្រុកស្រីស្នំ ត្រូវបានកាកបាទក្រហមកម្ពុជាបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា។ ពិធីបំពាក់ឯកសណ្ឋានបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

មានប្រសាសន៍នាឱកាសនោះលោកស្រី ម៉ននី រងី្ស ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានលើកឡើងអំពីសកម្មភាព លទ្ធផលដែលក្រុមយុវជនកាកបាទក្រហមកម្ពុជា បានអនុវត្តកន្លងគួរឲ្យកត់សម្គាល់។ ជាពិសេសក្នុងពេលប្រទេសជួបនូវវិបត្តិជំងឺកូវីដ១៩ គឺពួកគេបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចែកស្បៀងអាហារដល់គ្រួសារក្រីក្រនៅក្នុងតំបន់បិទខ្ទប់តាមមូលដ្ឋានមួយចំនួន និង ចូលរួមផ្សព្វផ្សាយអប់រំ ដល់មិត្តរួមសាលា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើវិធានការការពារជំងឺ កូវីដ១៩ ( ៣កុំ ៣ការពារ ) និងការគោរពច្បាប់ចរាចរណ៍ រួមទាំងគ្រឿងញៀងទៀតផង។

លោកស្រី សុខ ណារ៉ូ បានលើកឡើងថា កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" និង "យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម"។

លោកស្រី សុខ ណារ៉ូ ក៏បានលើកសរសើផងដែរ ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលខេត្តសៀមរាបជួបនូវវិបត្តិជំងឺកូវីដ១៩ ដោយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ក្មួយៗបានដឹកនាំយក នូវស្បៀងអាហារ ដើមី្បផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង៕