(ភ្នំពេញ)៖ ជនទំនើងម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ ហើយដកយកខ្សែក្រវ៉ាត់វាយទៅលើសមត្ថកិច្ចនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

បុរសម្នាក់នោះមានឈ្មោះ ប៊ូ សុខមាន បានបើកម៉ូតូល្មើសច្បាប់ចរាចរណ៍ កាលពីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ហើយត្រូវបានប៉ូលិសចរាចរណ៍ឃាត់ខ្លួន នៅពេលដែលរូបគេដកខ្សែក្រវ៉ាត់វាយសមត្ថកិច្ច នៅចំណុចគោលដៅត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ស្តុបស្ពានដែក ចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមមន្រ្តីជំនាញបានឲ្យដឹងថា ជនរូបនេះមានមុខរបរជាកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ បើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលសមត្ថកិច្ចធ្វើការឃាត់ដើម្បីធ្វើការណែនាំអប់រំ បុរសនោះបែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមេីលងាយ និងយកខ្សែក្រវ៉ាត់វាយមកលេីសមត្ថកិច្ចថែមទៀតផង។

ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕