(ភ្នំពេញ)៖ ដោយសារតែជីវភាពប្រចាំថ្ងៃ​ធ្លាក់ដុនដាបទៅៗ បណ្ដាលឲ្យស្ត្រីជា​ប្រពន្ធសម្រេចចិត្តនាំ​យកកូនស្រី​ម្នាក់ចុះចេញ​ពីផ្ទះបាត់ ដោយបន្សល់​ទុកបុរសជាប្ដី ដែលមានជំងឺប្រចាំ​កាយស្គម​ស្គាំង ហើយត្រូវ​ទទួលរ៉ាប់រង​ទទួលចិញ្ចឹម​កូនប្រុសតូចៗ​ចំនួន៣នាក់​ទៀតផង។

ក្រោយប្រពន្ធរត់ចេញពីផ្ទះ​បុរសកំសត់រូបនេះ បានយកកូនតូចពៅអាយុទើបតែ៤ខែ ទៅឲ្យអ្នកជិតខាងជួយ​មើលថែរក្សាជំនួស តែគេមិនទទួលយក​ពីព្រោះខ្លាច​ស្រ្តីជាប្រពន្ធ​មករករឿង ស្រាប់តែឈរ​ឱបកូន​ទាំង៣នាក់ស្រែក​យំគួរឲ្យអាសូរ​យ៉ាងពន់ពេក។

រឿងរ៉ាវដ៏កំសត់នេះបានកើតឡើងនៅក្នុង​ខ្ទមបន្ទប់ជួលតាមជួរ​ប្រឡាយតាម​បណ្ដោយផ្លូវបេតុង ស្ថិតក្នុងសហគមន៍ ភូមិសែន សុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសជាប្ដីដ៏កំសត់រូបនេះ​បានរៀបរាប់ទាំងទឹកភ្នែក​ប្រាប់ភ្នាក់ងារ Fresh News ថា ប្រពន្ធរបស់គាត់​ឈ្មោះ គុយ នីម មានវ័យ៣០ឆ្នាំ និងមិនមានការងារធ្វើនោះ​ទេដោយអត់ទ្រាំរស់​នៅនិងជីវភាពតោក​យ៉ាកនេះមិនបានក៏​សម្រេច​ចិត្តនាំយកកូនស្រីទី២ ចុះចេញពីផ្ទះកាល​ពីព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦បាត់ទៅហើយ ព្រោះហេតុថា ១ខែៗ រកលុយតែ៦ម៉ឺនរៀល​មកបង់ថ្លៃបន្ទប់​ជួលស្ទើរតែ​មិនបាន។

សំខាន់ជាងនេះទៅទៀតនោះ គឺមានកូនតូចៗច្រើននិង ការរស់នៅប្រចាំថ្ងៃ​មិនចុះសម្រុង​ជាមួយគ្នាទើប​ប្រពន្ធរបស់គាត់​សម្រេចចិត្ត​ចុះចេញពីផ្ទះ​ទាំងបែបនេះ។

គាត់មានឈ្មោះស៉ិន ណារិទ្ធ មានវ័យ៣៧ឆ្នាំ មានមុខរបរ ជួសជុលកង្ហារកំប៉េកកំប៉ុកនៅផ្ទះ​ដែលញ្ញាតិជិតខាងយកមកឲ្យ​ធ្វើគ្រាន់បានដូរបាយហូប​ និងចិញ្ចឹមបីបាច់ថែរក្សាកូនក្នុងបន្ទុក​ទាំងអស់​ចំនួន៥នាក់ ក្នុងនោះមានប្រុស៣នាក់ និងស្រី២នាក់ តែដោយសារជីវភាពក្នុងគ្រួសារ​កាន់តែយ៉ាប់ៗទៅទាំងពីរនាក់ប្ដី​ប្រពន្ធក៏សម្រេច​ចិ​ត្តយកកូនស្រីច្បង​ជាកូនទី១​ទៅផ្ញើនៅម្ដាយមីង ដើម្បីឲ្យជួយចិញ្ចឹម​ចំណែកកូនស្រីទី២ ត្រូវបានប្រពន្ធរបស់គាត់នាំយកទៅ​ជាមួយរីឯកូនប្រុសតូចៗ៣នាក់ទៀត រស់នៅជាមួយគាត់ក្នុងនោះ​មានម្នាក់​ជាកូនប្រុសពៅ​អាយុទើបតែ៤ខែ​ប៉ុណ្ណោះ។

បុរសជាប្ដីបានបន្តថា បន្ទាប់ពីប្រពន្ធរបស់គាត់បានចុះចេញ ពីផ្ទះបាត់ទៅ ដោយគ្មានលទ្ធភាព​បី​បាច់ចិញ្ចឹម​​កូនក៏សម្រេច ចិត្តបីកូនប្រុសពៅ​អាយុទើបតែ៤ខែ ទៅប្រគល់ឲ្យអ្នកភូមិ ជួយចិញ្ចឹមប៉ុន្តែ​អ្នកភូមិមិនហ៊ាន​ទទួលនោះទេ ព្រោះខ្លាច ស្ត្រីជាម្ដាយត្រឡប់មកវិញបែ​ជាកើតរឿងរ៉ាវ ទើបបុរសដ៏ កម្សត់នេះបានសម្រេចយក​កូនអាយុ៤ខែ​នោះទៅជួបមេភូមិតែម្ដង។

ជាមួយគ្នានោះនលោកស្រី សួង សារឿន ដែលមានតួរនាទីជា នារីសង្កាត់ឃ្មួញក៏​បានប្រគល់ថវិកាចំនួន៥ម៉ឺនរៀល​ជូនគ្រួសារងគ្រោះ សម្រាប់ទិញទឹកដោះគោ​បំបៅកូនតាមរយៈ​ លោកស្រី ចាន់រី មេភូមិសែនសុខទី៥​ផងដែរ ទម្រាំមានសប្បុរស ជនឬ​អង្គការនានា​មកជួយ ។

ជាចុងក្រោយ បុរសជាឪពុកដែលមានជំងឺរាងកាយស្គម​ស្គាំងមិនអាចធ្វើការងារកើត និងកូនប្រុសតូចៗទាំង៤នាក់​ឪពុកកូន សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសប្បុរសជននាៗ ក្នុងនិងក្រៅប្រទេស​ព្រមទាំងអង្គការមេត្តា​ជួយសង្គ្រោះដល់គ្រួសារ​ដ៏កម្សត់នេះផង ព្រោះថវិកាចំនួន៥ម៉ឺនរៀល​ដែលនារីសង្កាត់ឃ្មួញ​ជួយមកនោះ​អាចទិញទឹកដោះគោ​ឲ្យកូនបៅបាន​ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ៕