(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានលើកឡើងថា ការស្តារបឹងស្នោរនៅកណ្តាលក្រុងសំរោង គឺជារឿងដ៏សំខាន់មួយសម្រាប់រក្សាប្រភពទឹក​ ជូនប្រជាពលរដ្ឋ និងលើកសោភណភាពបឹង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ហើយមិនមានគម្រោងសាងសង់សំណង់ផ្សេងៗ នៅជុំវិញបឹងនេះឡើយ។

ការចេញបញ្ជាក់របស់លោក ស ថាវី បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់មួយចំនួនថា ការស្តារបឹងបុរាណមួយនេះ ធ្វើឲ្យខូចទ្រង់ទ្រាយដើម និងមិនគួរសង់សំណង់ផ្សេងៗនោះឡើយ។ ឆ្លើយតបការរិះគន់នេះ លោក ស ថាវី ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ថា គម្រោងការអភិវឌ្ឍស្តារបឹងស្នោរនេះ ចែកជាពីរដំណាក់កាល។

ដំណាក់កាលទី១. ការស្តារអាចម៍ដីពង្រីកផ្ទៃអាងស្តុកទឹក ដោយយកអាចម៍ដីនោះ មកចាក់បំពេញផ្នែកកណ្តាលឲ្យបានខ្ពស់ជាងផ្ទៃទឹក ហើយដាំដើមឈើ ចម្រុះសម្រាប់ជាជម្រកសត្វស្លាប និងសត្វល្មូនគ្រប់ប្រភេទ។ លោកបន្តថា បើមិនចាក់ដីឲ្យខ្ពស់ជាងផ្ទៃទឹក មិនអាចដាំដើមឈើបានទេ កន្លងមកអាជ្ញាធរសាកល្បងដាំជាច្រើនលើកច្រើនសារ ហើយតែមិនដុះដោយសារទឹកលិចងាប់។

ដំណាក់កាលទី២. កំពុងត្រូវបានថ្នាក់ដឹកនាំពិភាក្សា-ពិចារណាអំពីការស្ថាបនាផ្លូវថ្មើរជើង សម្រាប់ទេសចរចូលប្រមាញ់ថតយករូបសត្វគ្រប់ប្រភេទ នៅផ្នែកមាត់ទឹកទល់មុខសួរច្បារផ្លូវភ្លោះ។

ឆ្លើយនិងចម្ងល់ថា បើមិនទាន់មានការសម្រេចឯកភាពពីគណៈកម្មការស្តារបឹងទេ ហេតុអ្វីគ្រឿងចក្រចូលកាយដីក្នុងបឹង?

លោកអភិបាលខេត្ត បានបញ្ជាក់ថា មូលហេតុដែលប្លង់មេមិនទាន់ត្រូវបានបញ្ចេញជាសាធារណៈ ដោយសារកន្លងមក យើងមិនទាន់សម្រេចករណីស្ថាបនាផ្លូវថ្មើជើងនៅឡើយ តែការស្តារផ្ទៃបឹងនៅតែអនុវត្តដដែល ហើយរដូវវស្សានឹងមកដល់ឆាប់ៗខាងមុខ បើមិនស្រូតស្តារបឹងទេ ពេលធ្លាក់ភ្លៀងមកដល់ គ្រឿងចក្រមិនអាចចល័តចូលស្តារបានទៀតទេ ហើយពេលនេះ គម្រោងការស្ថាបនាផ្លូវថ្មើរជើងនោះ ត្រូវបានសម្រេចជាឯកច្ឆ័ន្ទថាមិនស្ថាបនានោះទេ ដោយសារតាមការសិក្សាគឺស្ថានភាពប៉ះពាល់មានច្រើនចំពោះសត្វស្លាប និងសត្វល្មូនគ្រប់ប្រភេទក្នុងបឹង។

លោក អភិបាលខេត្ត សូមឲ្យសាធារណមតិជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋជ្រាប និងឈប់បារម្ភ និងឈប់បំបោងព័ត៌មាន ដែលនាំឲ្យមានការយល់ច្រឡំជាបន្តទៀត។ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលតែងចូលរួម ក្នុងការអភិវឌ្ឍមូលដ្ឋានខេត្ត៕