(ព្រះសីហនុ)៖ នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ប្រាក់ ចន្ទូសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBV ខេត្តព្រះសីហនុ និងលោកស្រី ហៀក ហិមុល្លី អភិបាលរងខេត្ត និងជាប្រធានក្រុមងារងារ GBV ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកិច្ចប្រជុំប្រចាំឆមាសទី១ ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រខេត្តព្រះសីហនុ GBV ដែលមានការចូលរួម ពីមន្ទីរអង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលខេត្តព្រះសីហនុ ស្នងការរងខេត្ត ប្រធានលេខាដ្ឋាននៃសាលាដំបូងខេត្តព្រះសីហនុ អភិបាលរងក្រុង-ស្រុក និងប្រធានអង្គការ៦ស្ថាប័នផងដែរ។

លោកស្រី ហៀក ហិមុល្លី បានថ្លែងបើកកិច្ចប្រជុំនេះថា គោលបំណងមាន៣រួមមាន៖

*ទី១៖ ដើម្បីទទួយបានរបាយការណ៍សកម្មភាពស្តីពី អំពើហិង្សាទាក់ទងនឹងយេនឌ័រពីមន្ទីរ ស្ថាប័ន អង្គការដៃគូរពាក់ព័ន្ធ និងតាមបណ្តាញក្រុង-ស្រុក
*ទី២៖ ដើម្បីពិភាក្សារួមគ្នាពាក់ព័ន្ធបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ រកដំណោះស្រាយឆ្លើយតបបញ្ហាស្រ្តី កុមារ
*ទី៣៖ ដើម្បីពង្រឹងបណ្តាញក្រុមការងារក្នុងការធានានូវការផ្តល់សេវាសមស្របដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រីបន្តទៀតថា កិច្ចប្រជុំផ្សព្វផ្សាយនេះ បានផ្តោតសំខាន់ទៅលើការរបង្ហាញអំពីសមាសភាព និងមុខងារ ភារកិច្ច របស់អ្នកពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាកម្មជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានធ្វើការកំណត់អំពីកាលបរិច្ឆេទក្នុងរៀបចំកិច្ចប្រជុំត្រួតពិនិត្យតាមដាន ក្នុងការសម្របសម្រួលដោះស្រាយបញ្ហា ការផ្តល់សេវាកម្មទាំងផ្នែកច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ជូនជនរងគ្រោះ ដោយតម្រូវឱ្យមានការប្រជុំជារៀងរាល់ត្រីមាស និងការរៀចំជាផែនការសកម្មភាពសម្រាប់អនុវត្ត ព្រមទាំងមានការចង់ក្រងជារបាយការណ៍ និងការចង់ក្រងទិន្នន័យរួមផងដែរ។

លោកស្រី ប្រាក់ ចន្ទ័សុខា សូមឲ្យកិច្ចប្រឹក្សាផ្ទាល់ជាមួយមន្ទីរកិច្ចការនារី និងបង្កើតគម្រោងពាក់ព័ន្ធនិងយេនឌ័រ និងរៀបចំផែនការពាក់ព័ន្ធទៅនឹងអំពើហិង្សា ដើម្បីបញ្ជូនទៅក្នុងផែនការថវិការសម្រាប់បីឆ្នាំ ហើយពាក់ព័ន្ធនឹងរបាយការណ៍ត្រូវរៀបចំឲ្យបានក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី ក៏បានកោតសសើរ និងថ្លែងអំណរគុណ ដល់មន្ទីរអង្គភាពពាក់ពន័្ធ និងអភិបាលរងក្រុង-ស្រុក ដែលរួមគ្នាសហការបានយ៉ាងល្អ មុខងារ ភារកិច្ច ផ្តល់សេវាកម្មជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសូមឲ្យរួមគ្នាបន្តទៀតអោយកាន់តែប្រសើរឡើងថែមទៀត៕