(ត្បូងឃ្មុំ)៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងលោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា លោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ លោកឧកញ៉ា លោក-លោកស្រី សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ស្ថាប័ននានា ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ លោកឧកញ៉ា សុខ ហ៊ាង បានលើកឡើងថា សិក្ខាសាលានេះ បានផ្តល់ឲ្យអាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកចូលរួមទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ បានយល់ដឹង អំពីច្បាប់ចំនួន ៤ មានដូចជា ៖ ច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពិកិច្ចការប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិយផល ទំនិញ និង សេវា នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា ដែលជាគន្លឹះជំរុញឲ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។

លោក ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៏គាំទ្រចំពោះការរៀបចំសិក្ខាសាលានេះឡើង ដោយបានផ្តល់ការយល់ដឹង អំពីច្បាប់ពាក់ព័ន្ធ ដើម្បី អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ ទទួលបានចំណេះបន្ថែមទៀតពីអ្នកជំនាញ ដែលជាវាគ្មិន នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ។

មានប្រសាសន៍នាឳកាសនោះផងដែរ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាបានផ្តល់នូវចំណេះដឹងបន្ថែមទៀត ព្រោះថាបច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរច្រើន ទាមទាឱ្យអាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាសយើង មានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាធាតុចូលសម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើធុរកិច្ច។

លោក ក៏បានសំណូមពរ សូមឱ្យក្រុមវាគ្មិន និងសភាពាណិជ្ជកម្មទាំងអស់ ជួយសម្របសម្រួល និងធ្វើការផ្សព្វផ្សាយច្បាប់ទាំង ៤ នេះ ឱ្យកាន់តែផុលផុស ដើម្បីបង្កើនប្រសិទ្ធិភាព បរិយាកាសពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕