(សៀមរាប)៖ ក្រសួងបរិស្ថាន រួមនឹងក្រសួងពាក់ព័ន្ធ និងអង្គការដៃគូ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន និងបឹងទន្លេសាប ដើម្បីស្វែងយល់ពី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» មានរយៈពេល អនុវត្តចំនួន៦ឆ្នាំ និងបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃ អនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដោយបែងចែកជា ៥សមាសភាគ១៖ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ, ២៖ ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវ៉ាក់តម្លៃអនុផលព្រៃឈើ, ៣៖ ជំរុញនូវការតភ្ជាប់ខ្សែផ្លូវ ចេញចូលនៅតាមជនបទ ៤៖ ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង៥៖ ការឆ្លើយតប ទៅនឹងគ្រោះអាសន្ន។

គម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។

គម្រោងអនុវត្តក្នុងតំបន់ ការពារធម្មជាតិគោលដៅចំនួន១៤ រួមមាន៖ តំបន់បឋមនីយជីវៈ មណ្ឌលបឹងទន្លេសាប ដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ការពារចំនួន៧ ផ្សេងទៀត ដែលនៅក្បែរតំបន់ទាំងនោះមានជាអាទិ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ឧទ្យានជាតិបុទុមសាគរ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់ប្រើប្រាស់ ច្រើនយ៉ាងដងពែង តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងកោះកាពិ។

ន.ទ.ទ.ក គឺជាគម្រោងដំបូងបំផុតរបស់ធនាគារពិភពលោក ដែលមានក្រសួងបរិស្ថានជាភ្នាក់ងារ ប្រតិបត្តិគម្រោង និងជាភ្នាក់ងារអនុវត្តសម្រាប់សមាសភាគទី១ និងទី២ ហើយមានក្រសួងអភិវឌ្ឍន៍ជនបទ ជាភ្នាក់ងារអនុវត្តសមាសភាគទី៣។ គម្រោងនេះមានថវិកាសរុបមានចំនួន ៥៧,៥៨លានដុល្លារអាមេរិក ដែលក្នុងនោះមានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោកចំនួន ៥០,៦៦លានដុល្លារអាមេរិក ហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកលចំនួន ៤,៤២លានដុល្លារអាមេរិក និងបដិភាគពី រាជរដ្ឋាភិបាល ចំនួន ២,៥លានដុល្លារអាមេរិក។

ដំណើរទស្សនៈកិច្ចសិក្សា (Exploratory Mission) មានគោលបំណងសំខាន់ៗដូចជា៖ បង្ហាញជូនថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តន៍គម្រោងក៏ដូចជាក្រុមការងារធនាគាពិភពលោកនូវវឌ្ឍនៈភាពគម្រោង សក្តានុពលគាំទ្រសកម្មភាពអេកូទេសចរណ៍ និងកន្លែងទាក់ទាញទេសចរណ៍ផ្សេងទៀត ដែលរកឃើញក្នុង តំបន់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជាយុទ្ធសាស្រ្តដែលជាកត្តារួមផ្សំសំខាន់ក្នុងការរៀបចំចក្ខុវិស័យនិង ផែនការវិនិយោគអេកូទេសចរណ៍នៅក្នុងឧទ្យានជាតិនិងតំបន់បឹងទន្លេសាប។

គោលបំណងជាក់លាក់នៃទស្សនៈកិច្ចសិក្សា

*ដើម្បីបង្ហាញពីវឌ្ឍនៈភាព និងផែនការសកម្មភាពគម្រោងក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងតំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាប
*ដើម្បីបង្ហាញពីតំបន់ល្អដាច់គេនៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” និងតំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាប
*ដើម្បីពិនិត្យទិដ្ឋភាពជាក់ស្តែងលើអនុសាសន៍នានា ដែលជាលទ្ធផលនៃការសិក្សារៀបចំចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍ក្នុងឧទ្យានជាតិ ដើម្បីលើកជាសកម្មភាពអនុវត្តន៍គម្រោង
*ដើម្បីណែនាំពីកញ្ចប់ផលិតផល ដែលផ្តល់ជូននៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់បឋមនីយដ្ឋាន ជីវៈមណ្ឌលបឹងទន្លេសាប រួមទាំងផលិតផល សេវាកម្មរបស់សហគមន៍ និងវិស័យឯកជន
*ដើម្បីបង្ហាញសក្តានុពលសម្រាប់ការវិនិយោគអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់
*ដើម្បីបង្ហាញពីសកម្មភាព ការរស់នៅ និងការចូលរួមរបស់សហគមន៍លើការងារអភិរក្ស និងអភិវឌ្ឍន៍៕