(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំមួយទៅកាន់អភិ បាលរាជធានី-ខេត្តទាំងអស់ លើការងារជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានធ្វើការណែនាំនូវការងារ៥ចំណុចដូចខាងក្រោម៖

*ទី១៖ ប្រគល់ភារកិច្ចជូន អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមស្រុក/ក្រុង/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធ្វើការកៀរគរប្រជាពលរដ្ឋតាមភូមិ ឃុំនីមួយៗ និងចាត់ចែងពង្រាយក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមភូមិ ឃុំ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

*ទី២៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តពិនិត្យ តាមដាន ជំរុញ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនដែលបានចាក់ និងមិនបានចាក់វ៉ាក់សាំងដូសទី៣ (ជាប្រភេទណា កម្មករ កសិករ ឬក្រុមណា) នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាក់លាក់ រួចផ្ញើមក គ.វ.ក-១៩ យ៉ាងយូរត្រឹមថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២។

*ទី៣៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំចាត់ចែងធ្វើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្អែកលើចំនួនដែលបានធ្វើបច្ចុប្បន្នភាព ជាក់ស្ដែងរួច ដើម្បីចាត់ចែងការចុះចាក់ផ្ទាល់ដល់ទីតាំងកំណត់ជាក់លាក់ ដោយពង្រាយក្រុមគ្រូពេទ្យដល់ភូមិ ឃុំ រួមទាំង ជំរុញការផ្តល់សេវាចាក់វ៉ាក់សាំងនេះទាំងថ្ងៃសៅរ៍, ថ្ងៃអាទិត្យ និងថ្ងៃបុណ្យនានា។

*ទី៤៖ រដ្ឋបាលរាជធានី-ខេត្ត បន្តការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមគោលដៅសំខាន់ៗ មានដូចជារោងចក្រ-សហគ្រាស សាលារៀន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ផ្សារ កម្មករសំណង់ អ្នកបម្រើតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការប្រមូលផ្តុំ ។ល។) ដោយជំរុញឲ្យមានកិច្ចសហការពីម្ចាស់ទីតាំងទាំងនេះ។

*ទី៥៖ បន្តអប់រំប្រជាជននៅតាមមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់នៃការមកទទួលយកការចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យមានកំណើនឡើង បន្តរក្សាភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍បានរឹងមាំ ធានានិរន្តរភាពនៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិក្នុងការរស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មី៕