(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងការងារស្រុកកោះធំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះពិនិត្យមើល ស្ថានីយបូមទឹកស្រោចស្រពដំណាំ របស់ប្រជាកសិករ ស្ថិតនៅព្រំប្រទល់ឃុំព្រែកថ្មី និងឃុំកោះធំខ ស្ថិតក្នុងស្រុកកោះធំ។

ស្ថានីយបូមទឹកនេះ ត្រូវបានប្រជាពលរដ្ឋធ្វើទំនប់ស្ទាក់ទឹកព្រែក និងទុកបូមទម្លាក់ចូលព្រែកតាឌួង នៅក្នុងរដូវប្រាំង ដើម្បីបម្រើដល់ការស្រោចស្រពដំណាំ របស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ផងដែរ។ ទំនប់ស្ទាក់ទឹកនេះ បានផ្តល់នូវប្រយោជន៍យ៉ាងចម្រើនសម្រាប់អ្នកចំការ ក៏ដូចជាប្រើប្រាស់ផងដែរ។ រាល់ការចំណាយទៅលើការបូមទឹកនៅទីនេះ ដូចជាប្រេងជាដើម គឺជាការជួយឧបត្ថម្ភ ពីក្រុមការងារគណបក្សប្រជាជន នៅក្នុងស្រុកកោះធំ។

ជាមួយការចុះពិនិត្យមើលស្ថានីយបូមទឹកនេះ លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យក្រុមការងារយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការងារដាំដុះរបស់ប្រជាពលរដ្ឋ ហើយពិនិត្យមើលនូវផលលំបាក ដែលក្រុមអ្នកចំការជួបប្រទះផងដែរ។

បន្ទាប់ពីការចុះមើលស្ថានីយបូមទឹករបស់ប្រជាពលរដ្ឋហើយ លោក ស៊ុន ចាន់ថុល និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដល់ខ្នងផ្ទះនីមួយៗ និងស្តាប់ការៀបរាប់ពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះផងដែរ៕