(កោះកុង)៖ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា «២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២»

កម្មពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក យន្ត មីន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានតំណាងសម្តេចពិជ័យសេនា ទៀ បាញ់, លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការ គណបក្សខេត្ត សមាជិកសមាជិកាគណបក្ស យុវជននិសិ្សត និងប្រជាពលរដ្ឋសរុប១,៥០០នាក់។

ក្នុងពិធីមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៧១ លោក យន្ត មីន បានអាននូវខ្លឹមសារលិខិតរបស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១-២០២២។

សារលិខិតនេះ ក៏បានបញ្ជាក់ពីភាពខ្លាំងក្នុងការដឹកនាំ និងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំបក្សថ្នាក់កំពូល បានលះបង់សាច់ ស្រស់ឈាមស្រស់ ក្នុងការរំដោះជាតិកសាងការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ និងបានស្វែងរកសន្តិភាព តាមគោល នយោបាយឈ្នះឈ្នះជូនប្រទេសជាតិនិងប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍ប្រទេសជាតិបានឈានដល់ទទួលជោគជ័យ ពេញលេញ បរិបូណ៍ និងមានភាពល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

លើសពីនេះ លោក យន្ត មីន ក៏បានធ្វើការប្តេជ្ញាចិត្ត រក្សាសុខសន្តិភាព ឲ្យនៅស្ថិតស្ថេរចីរកាលជាអមតៈ និងខិតខំបម្រើប្រជាពលរដ្ឋ កសាង និងអភិវឌ្ឃន៍មូលដ្ឋានបន្តឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោក យន្ត មីន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ទៅទទួលចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងសហគមន៍នហើយត្រូវអនុវត្តន៍គោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

បន្ថែមពីនេះទៀត គណបក្សប្រជាជនខេត្ត ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍រួមថវិកាមួយចំនួនជូនដល់ព្រឹទ្ធាចារ្យតស៊ែូល បានចូលនិវត្តជនផងដែរ និងធ្វើការបង្ហោះប៉េងប៉ោងលែងសត្វព្រាបតំណាងប្រទេសមានសន្តិភាព សេរីភាពជូនប្រជាជនកម្ពុជា៕