(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានថ្លែងបញ្ជាក់ថា គិតត្រឹមក្បាលព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្មាន ស្ថិតនៅក្នុងដៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំទៀតនោះទេ ពោលក្រោយទទួលបានពីនាយកដ្ឋាន អត្តសញ្ញាណប័ណ្ណរួចមកនោះ គឺលោកបានប្រគល់ជូនតាម អធិការដ្ឋាននគរបាលតាម បណ្តាក្រុងស្រុក ដើម្បីយកទៅចែកជូនដល់ពលរដ្ឋរបស់ខ្លួនរួចហើយ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា «ឆ្លើយតបនឹងព័ត៌មាន Fresh NEws ផ្សាយថ្ងៃនេះ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ស្នងការនគរបាលខេត្ត មានកិត្តិយសសូមជំរាបថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទទួលសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ចំនួន ៤៦,៦០០ សន្លឹក ពីនាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរួចហើយ និងបានបន្តចែកជូនដល់តាមក្រុងស្រុកទៀតផង ដើម្បីធ្វើការចែកចាយដល់ពលរដ្ឋរបស់ខ្លួន»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅសល់អត្តសញ្ញាណប័ណ្ណចំនួន ៣,៨៩៣ សន្លឹក ស្មើ ៤Tracks មិនទាន់បោះពុម្ពនៅឡើយ រួមមាន៖
១-​ ២៥០០០០៤២១​ ចំនួន​ ១៥៦៥សន្លឹក​
២-២៥០០០០៤២៣​ ចំនួួន​ ១៣៩៥សន្លឹក​
៣-២៥០០០០៤៣១​ ចំនួន​ ៦៧២សន្លឹក​
៤-២៥២០០០០៨៧​  ចំនួន​ ២៦១សន្លឹក។

នៅថ្ងៃនេះ អង្គភាព Fresh News បានផ្សាយថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជិត២០ម៉ឺនសន្លឹក ដែលនាយកដ្ឋានអត្តសញ្ញាណប័ណ្ណបោះពុម្ភរួច មិនទាន់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន២៤ (លើកលែងតែស្នងការដ្ឋានខេត្តកែប) មិនទាន់ទៅយក ពីនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋរបស់ខ្លូន។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពន្លឿននៃការធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីចែកជូនប្រជាពលរដ្ឋតាមមូលដ្ឋាននោះ លោកក្រោមការណែនាំបន្ត ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននិងកំពុងខិតខំ ធ្វើកិច្ចការងារនេះយ៉ាងខ្លាំង គោលបំណងឲ្យពលរដ្ឋរបស់ខ្លួន មានអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង៕