(ឧត្តរមានជ័យ)៖ បុរសម្នាក់បានរងរបួសជាទម្ងន់ បន្ទាប់ពីត្រូវបុរសនៅភូមិជាមួយគ្នា ទាញពូថៅដេញកាប់ បន្ទាប់ពីពួកគេមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច។ ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយបុរសម្នាក់ឈ្មោះ ឈឿន សុខា អាយុ៣៣ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង បានយកពូថៅ និងកាំបិតខ្វែវ ដេញកាប់ទៅលើឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកើតហេតុ កាប់ចំនួន ២កន្លែង ផ្នែកខាងក្រោយ ក្រោមស្មាទាំងពីរ បណ្តាលឲ្យរងបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលអូរស្មាច់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកកាន់ប៉ុស្តិ៍រដ្ឋបាល។ ចំណែកឯជនរងគ្រោះត្រូវបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងបញ្ជូនមកកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕