(ក្រចេះ)៖ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតខេត្តក្រចេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះ ក្រោមអធីបតីភាពលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។

តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ីវ សុផានី ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្ត នៅខេត្តក្រចេះ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ស្ថិតក្នុងបរិយាកាសល្អប្រសើរ គណបក្សនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយស្មើភាព និងមានភាពចាស់ទុំខាងនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិបានចូលរួមតាមដាន និងវាយតម្លៃគ្រប់ដំណើរការបោះឆ្នោតជាពិសេស ប្រជាពលរដ្ឋមានឆន្ទៈក្នុងការប្រើសិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន និងពេញចិត្តចំពោះការបោះឆ្នោត តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយទឹកមុខរីករាយ គ្មានការភ័យខ្លាច ជាក់ស្ដែងប្រជាពលរដ្ឋ នៅខេត្តក្រចេះយើងបានអញ្ជើញទៅបោះឆ្នោតចំនួន១៦៩.៤២៥នាក់ នៃចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ចំនួន ២១៨.៧៧៦នាក់ គិតជាភាគរយស្មើនឹង ៧៧,៤៤%។

លោក អ៊ីវ សុផានី បន្តទៀតថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ‑សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ នេះតទៅ គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ស្របតាមការកំណត់នៃច្បាប់។ ការបង្កលក្ខណៈឱ្យមានការបោះឆ្នោតយ៉ាងទៀងទាត់ ស្របតាមការកំណត់នៃច្បាប់បែបនេះ បានបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ រាជរដ្ឋាភិបាល ក្នុងការពង្រឹង ពង្រីក និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងពិតប្រាកដ។

ក្នុងអង្គសន្និបាតិបានធ្វើការពិភាក្សាផ្លាសប្តូរមតិយោបល់ទៅលើប្រធានបទសំខាន់ៗចំនួន ០៧ ចំណុចរួមមាន៖

*ស្ថានភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់
*ការងារទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល និងការងារសន្តិសុខសម្រាប់ការចុះឈ្មោះបោះឆ្នោត
*ការបោះឆ្នោត-ការពិនិត្យបញ្ជីឈ្មោះ
*ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
*ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
*ការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបញ្ចូនលទ្ធផលបឋម ការបូកសរុប និងការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោត
*ការទទួល និងការដោះស្រាយពាក្យបណ្តឹង។

លោក ប៉ែន លីណាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់ដូចលទ្ធផលដែលទទួលបានថ្មីៗ កន្លងមកនេះ ធ្វឲ្យមានការកោតសរសើរ ទាំងមតិជាតិ និងមតិអន្តរជាតិ។

លោកបានបន្តទៀតថា ការបោះឆ្នោតបានបញ្ចប់ទៅ ដោយជោគជ័យហើយ ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ត្រូវចូលកាន់តំណែង រួមគ្នាធ្វើការរួមគ្នាដោះស្រាយបញ្ហា រួមគ្នាបម្រើប្រជាពលរដ្ឋដោយមិនឈរលើគោលការណ៍ កម្មវិធីនយោបាយរបស់ខ្លួន យកមកអនុវត្តលើមុខងារជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នោះទេ ពោលគឺ ត្រូវតែបម្រើប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ នៃប្រទេសរបស់យើង៕